(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍ជាមូលដ្ឋាននៅកន្លែងធ្វើការ» និងភ្ជាប់ជាមួយការផ្សព្វផ្សាយណែនាំពីវិធានការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។
ទិវានេះធ្វើឡើងនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដែលឆ្នាំនេះគឺជាលើកទី១៨ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះឡើង ក្រោមកិច្ចសហការជាមួយអង្គការ APHEDA និងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្រោមអធិបតីភាពលោក ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានអ្នកចូលរួមសរុបជាង១,៣០០នាក់។
លោក ផេង សុខាំ បានឱ្យដឹងថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោក ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត និងរងគ្រោះដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការងារសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។
គួរជម្រាបថា តាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញឱ្យឃើញថាមានអ្នកស្លាប់ប្រមាណ២.៣លាននាក់ក្នុង១ឆ្នាំ នៅទូទាំងពិភពលោក ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយមានចំនួនប្រហាក់ប្រហែល៦ពាន់នាក់ស្លាប់ក្នុង១ថ្ងៃ។ ដោយឡែក នៅប្រទេសកម្ពុជា យោងតាមរបាយការណ៍លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឱ្យឃើញថា ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ កើនឡើង ២៩.២៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ សរុបចំនួន ១៤.៧៤២នាក់ (ស្រីចំនួន ៧.៩២៣នាក់) ដែលក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)។ ការលើកយកប្រធានបទរបស់អង្គការអន្តរជាតិខាងការងារនាឆ្នាំនេះ សំដៅជំរុញដល់រដ្ឋជាសមាជិកយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់បរិយាការងារ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការបន្ថែមទៀត ជាពិសេសការអនុវត្តលើអនុសញ្ញាស្នូលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ។
នាឱកាសនោះ លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ក៏បានរំឭកថា ចាប់តាំងពីដើមទសវត្សឆ្នាំ១៩៨០ ជនជាតិអូស្ត្រាលីជាង១០,០០០នាក់ ត្រូវបានគេប៉ាន់ស្មានថាបានស្លាប់ដោយសារជំងឺ Mesothelioma។ យោងតាមអ្នកជំនាញខាងជំងឺមហារីក ការស្លាប់បន្ថែម ២៥,០០០នាក់ ត្រូវបានគេរំពឹងទុកក្នុងរយៈពេល៤ទសវត្សរ៍ខាងមុខ។ នេះជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលីលើកកម្ពស់ការការពារសុខភាពការងារ និងសុវត្ថិភាពការងារដ៏រឹងមាំនៅជុំវិញពិភពលោក។
លោកឯកអគ្គរដ្ឋទូតបង្ហាញការកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពការងារ និងសុវត្ថិភាពការងារ ដែលត្រូវបានរួមបញ្ចូលនៅក្នុងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិនានា។
នាឱកាសនោះ លោករដ្ឋលេខាធិការ ផេង សុខាំ ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមអនុវត្តនូវវិធានការបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការដូចខាងក្រោម៖
* បន្តយកចិត្តទុកក្នុងការអនុវត្តសេចក្តីណែនាំស្តីពីការពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។
* បន្តចូលរួមចែករំលែកនូវការអនុវត្តល្អៗ និងបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងាររបស់សហគ្រាស គ្រឹះស្ថាន ទៅសហគ្រាសផ្សេងៗទៀត ដើម្បីកែលម្អលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារពីគ្នាទៅវិញទៅមក។
* បង្កើនការវាយតម្លៃជាប្រចាំនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន និងដាក់ចេញនូវវិធានការពារ ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារនៅកន្លែងធ្វើការ៕