(ភ្នំពេញ)៖ ​លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់ពីការដាក់ដំណើរការសាកល្បងរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហ៊ានទី១ បានធ្វើឱ្យតំបន់ដែលតែងមានបញ្ហា​​កង្វះទឹកប្រើប្រាស់ ដូចជាឬស្សីកែវ ស្វាយប៉ាក ទំបន់កប់ស្រូវ ឈូកវ៉ាជាដើម មានទឹកប្រើប្រាស់គ្រប់គ្រាន់វិញហើយ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងបែបនេះ ធ្វើឡើង​ក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុន រៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

លោក​បានគូសបញ្ជាក់បន្តថា នៅយប់ថ្ងៃទី២៨ មេសានេះ ក្រុមការងាររដ្ឋាទឹកនឹងចាប់ផ្តើម​សាកល្បងបង្ហូរទៅតំបន់ផ្សេងទៀត ដើម្បីធ្វើឱ្យតំបន់ដែលស្ថិតនៅផ្នែកខាងលិច និងខាងជើងរាជធានីភ្នំពេញ ​ទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ចាប់ពីយប់នេះទៅ។

លោកបានឱ្យដឹងថា ក្នុងការដាក់ដំណើរសាកល្បងនេះ សមត្ថភាពផលិតទឹករបស់រោងចក្របាក់ជំហានទី១ អាចផលិតទឹកបានប្រមាណពី៧០% ទៅ៨០% នៃសមត្ថភាពសរុប ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃរបស់រោងចក្របាក់ខែងនេះដោយសារនៅមានបញ្ហាដាក់បំពង់នៅបាតទន្លេ។ តែយ៉ាងណាក្តី លោកបញ្ជាក់ថា ​ចំនួន ៧០% ទៅ ៨០%នៃការផលិតនេះ នឹងអាចបំពេញបាននូវការខ្វះខាតនៅតំបន់មួយចំនួន។

លោកលើកឡើងបន្តថា «យើងសង្ឃឹមថា នៅដើមខែក្រោយនេះ​ យើងនឹងបំបាត់ការខ្វះខាតទឹក យើងនឹងផ្តល់ជូនគាត់ទៅតាមលទ្ធភាព ដែលយើងផ្គត់ផ្គង់បាន ជាពិសេសទៅលើផ្ទៃសេវាដែលយើងកំពុងផ្គត់ផ្គង់បច្ចុប្បន្ននេះ ដែលមានសម្ពាធទាប នឹងមានទឹកប្រើប្រាស់ទៅតាមលទ្ធភាពនៃការបញ្ជូនទឹកពីរោងចក្រទាំង៤ បូកបន្ថែមមួយទៀត សរុប៥ដែលយើងកំពុងផលិត»

លោកមានប្រសាសន៍ថា ទន្ទឹមនឹងការបង្ហូរទឹកចេញពីរោងចក្របាក់ខែង​សាកល្បងនេះ នឹងធ្វើឱ្យទឹកមានកករ ហើយប្រសិនបើមានបញ្ហានេះ សូមបើកទឹកចោលប្រហែល៥នាទី និងសូមផ្តល់ដំណឹងដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីឱ្យក្រុមការងារដោះស្រាយបញ្ហានេះ។

គួរជម្រាបផងដែរថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហ៊ានទី១ នឹងរួចរាល់ ផលិតទឹកពេញសមត្ថភាពនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ និងឈានទៅដាក់ដំណើរការជាផ្លូវការ នៅខែមិថុនា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​៕