(ភ្នំពេញ)៖ អនុស្សរណៈទាក់ទងនឹងកិច្ចសហប្រតិបត្តិការ លើការស្រាវជ្រាវ និងអប់រំប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យ និងការផ្សព្វផ្សាយពីសមិទ្ធផលរបស់អង្កជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលើការ ជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។
ការចុះ MoU នេះធ្វើឡើងរវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) តំណាងដោយលោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី និងលោកស្រី Sadie O’Mahoney តំណាងគម្រោងភាពជាដៃគូសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ សេវាសន្តិភាពស៊ីវិលសម្រាប់ការកសាងសន្តិភាព និងដំណោះស្រាយជម្លោះ (Civil Peace Service Southeast Asian University Partnership for Peacebuilding and Conflict Transformation (SAUP) GIZ។
អនុស្សរណៈនេះត្រូវបានកំណត់ និងដាក់ចេញក្នុងគម្រោងមួយចំនួនរួមមាន៖
* ទី១៖ មេរៀនស្តីពី អ.វ.ត.ក ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាក្នុងមុខវិជ្ជាសិក្សា ស្ដីអំពីការសិក្សាសន្តិភាព និងជម្លោះ
* ទី២៖ វិធីសាស្រ្តសិក្សាតាមបែបការចូលរួម និងមធ្យោបាយលើផ្នែកយុត្តិធម៌អន្តរកាល នឹងត្រូវបានបង្កើតឡើង
* ទី៣៖ សមត្ថភាពសម្រាប់ប្រភពចម្បង និងការស្រាវជ្រាវលើផ្នែកបណ្ណសារពីប្រវត្តិសាស្ត្រខ្មែរក្រហម នឹងត្រូវបានបង្កើតឡើង
* ទី៤៖ បទពិសោធសិក្សាក្រៅថ្នាក់រៀនស្ដីពីយុត្តិធម៌អន្តរកាល ត្រូវបានសម្របសម្រួល។
លោក ក្រាញ់ តូនី បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់នេះគឺជាការចូលរួមអនុវត្ត កិច្ចការ ដែលនៅសល់របស់អ.វ.ត.ក ដែលរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានយល់ ព្រមលើ «កិច្ចព្រមព្រៀងបន្ថែមស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំ ជម្រះវិសាមញ្ញ» សម្រាប់រយៈពេល៣ឆ្នាំបន្ថែម គឺពីឆ្នាំ២០២៣ ដល់២០២៥ ដែលរួមមាន៖ ១៖ ការងារគតិយុត្តមួយចំនួនរួមទាំងការគ្រប់គ្រង និងការផ្សព្វផ្សាយបណ្ណសារស្តីពីសំណុំរឿងរបស់អ.វ.ត.ក. ឲ្យបានទូលំទូលាយ, ២៖ ការអប់រំ និងការ ផ្សព្វផ្សាយស្តីពីសមិទ្ធផលនិងកេរដំណែលរបស់ អ.វ.ត.ក. និងការពិនិត្យតាម ដានការអនុវត្តសំណង ដែលមានលក្ខណៈផ្លូវចិត្ត និងសមូហភាពដល់ ដើមបណ្តឹង រដ្ឋប្បវេណី៕