(ភ្នំពេញ)៖ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥០ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើក ទី៣២ ដោយហេតុព្រឹត្តិការណ៍កីឡានេះ ក៏ជាផលិតផលទេសចរដ៏ធំរបស់អាស៊ាន និងតំបន់អាស៉ីអាគ្នេយ៍ផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាស៉ីហ្គេម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមនេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥០ម៉ឺននាក់។
លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «អ្វីដែលជាការរំពឹងទុក ស៉ីហ្គេមនៅកម្ពុជានេះ នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥០ម៉ឺននាក់»។
ហេតុដែលលោករដ្ឋមន្ត្រី ថោង ខុន អះអាងជឿជាក់យ៉ាងនេះ គឺដោយសារមជ្ឈដ្ឋានអន្តរជាតិ ទីផ្សារទេសចរណ៍ក្រៅប្រទេស ព្រមទាំងប្រទេសក្នុងតំបន់អាស៉ីអាគ្នេយ៍ បានចាត់ទុកការប្រកួតកីឡាស៉ីហ្គេមនៅកម្ពុជានេះ មិនត្រឹមតែជារបស់កម្ពុជាប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ទេសចរណ៍របស់អាស៊ាន និងអាស៉ីអាគ្នេយ៍ទាំងមូល ដូច្នេះនឹងមានការចូលរួមទស្សនាកាន់តែច្រើន។
លោកបានបន្តថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២.២លាននាក់រួចហើយ ហើយក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.២លាននាក់រួចហើយដែរ។ នៅឆ្នាំ២០២៣នេះ ប្រសិនជាអត់មានស៉ីហ្គេមក៏កម្ពុជា ទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាននាក់ដែរ ហើយនៅពេលមានព្រឹត្តិការណ៍ស៉ីហ្គេមនេះទៀត នោះកម្ពុជានឹងទទួលបានទេសចរអន្តរជាតិច្រើនជាងនេះទៅទៀត។
បើតាមការសង្កត់ធ្ងន់របស់លោក ថោង ខុន ឥទ្ធិពលនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត យុទ្ធនាការឆ្នាំទស្សនកម្ពុជា ២០២៣ ព្រមទាំងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ រហូតដល់ឆ្នាំ២០២៤ ឆ្នាំ២០២៥ ខាងមុខតទៅទៀតដែរ៕