(សៀមរាប)៖ ជនជាតិអង់គ្លេសម្នាក់ ដែលបានរត់គេចពីការចាប់ខ្លួន នៅប្រទេសកំណើត ហើយបានចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងនគរបាលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ស្វែងយកចាប់ខ្លួននោះ ពេលនេះត្រូវបានកម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ ខេត្តសៀមរាប ចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៦។
ដោយយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានអន្តប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបផងនោះ ទើបលោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលអន្តោប្រវេសន៍ខេត្តសៀមរាប បានដឹកនាំកម្លាំងធ្វើការចុះឃាត់ខ្លួនជនសង្ស័យ នៅតំបន់ផប់ស្រ្ទីត(Pub Street) ដែលជនជាតិអង់គ្លេសរូបនេះ កំពុងអង្គុយផឹកស្រា នៅក្នុងហាង KHMER KITCHEN ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរង បានឲ្យដឹងថា ក្រោយពីសួរនាំ ជនជាតិអង់គ្លេសរូបនេះប្រាប់ថា ខ្លូនឈ្មោះ MIDGLEY DAMIEN អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែន លេខ: GBR508037703។
បច្ចប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលអន្តប្រវេសន៍ បញ្ជូនខ្លួនទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញ ប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាប របស់នាយកដ្ឋានស៊ើបអង្កេតនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ អនុវត្តទៅតាមនីតិវិធីជាបន្ត៕