(សៀមរាប)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២០ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ក.ប.ទ. លើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថ រួមមានការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិងចែករំលែកបទពិសោធការអនុការងារជាក់ស្តែង ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។

នាថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រសួងបានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប ក្រោមអធិបតីភាពលោករដ្ឋលេខាធិការ ខាយ ឃុនហេង ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ១១០ រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ១៤ ខេត្ត។

កម្មវិធីបណ្ដុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១៖ បង្កើនចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងពង្រឹងសមត្ថភាពជំនាញ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។

២៖ ផ្សព្វផ្សាយអំពីគោលនយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយប្រៃសណីយ៍ ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ

៣៖ បង្កើតឱ្យមានយន្តការចែករំលែកបទពិសោធល្អៗ ដែលបានមកពីការអនុវត្តការងារ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។

សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) សម្រាប់មន្ទីរ ប.ទ. ទាំង ២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើនៅ ៤ទីតាំង ដូចខាងក្រោម៖

* ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣
* ខេត្តប៉ៃលិន៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣
* ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣
* ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៕