(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ (CAMSOC) បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជានឹងទទួលជួបជាមួយក្រុមកីឡាករ-កីឡាការិនី ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយក្នុងការជួបនោះផងដែរ សម្ដេចតេជោនឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់កីឡាករ-កីឡាការិនី ដូចពេលចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ។
ការថ្លែងឲ្យដឹងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ស៉ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
សម្ដេចពិជ័យសេនា ទៀត បាញ់ បានថ្លែងថា ជាទូទៅកីឡាករ-កីឡាការិនីមុននឹងចេញទៅប្រកួតនៅក្រៅប្រទេសសម្ដេចតេជោ ហ៊ុន សែន តែងតែជួបជាមួយ និងផ្តល់ការឧបត្ថម្ភជារង្វាន់។
សម្ដេចពិជ័យសេនាបានបញ្ជាក់ថា «ជាក់ស្ដែងចំពោះការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាជាម្ចាស់ផ្ទះឆ្នាំនេះ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងជួបជាមួយក្រុមកីឡាករ-កីឡាការិនី ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម នៅវេលាម៉ោង៤៖០០នាទីល្ងាច ជាមួយនឹងការឧបត្ថម្ភដូចពេលដែលកីឡាករ-កីឡាការិនី ចេញទៅប្រកួតកីឡានៅក្រៅប្រទេសផងដែរ»។
សម្ដេចពិជ័យសេនាបានបន្ដថា ចំពោះសិល្បករ-សិល្បការិនីដែលចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ សម្ដេចតេជោ ហ៊ុន សែន ពុំមានពេលវេលា ក្នុងការជួបនោះឡើយ ក៏ប៉ុន្ដែសម្ដេចតេជោនឹងផ្ដល់ជារង្វាន់ជូនដល់សិល្បករ សិល្បការិនី ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក៕