(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២​ (CAMSOC) បានថ្លែងឲ្យដឹងថា កម្ពុជាគ្រោងចំណាយ ១១៨លានដុល្លារ សម្រាប់ការរៀបចំស៉ីហ្គេម។ ការចំណាយនេះ មិនទាន់គិតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ស៉ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា «សូមបញ្ជាក់ឡើងវិញបន្តិចដែរ ចាប់តាំងពីបង្កើតគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមក្តី និងអាស៊ានប៉ារ៉ាហ្គេមក្តី ការចំណាយបានរុញមក CAMSOC ។ ចំណាយច្រើនណាស់ តាំងពីកន្លែងស្នាក់នៅ សំបុត្រយន្តហោះ គេមិនមែនមិនគិតថ្លៃដូចយើងទេ។ មកដល់ពេលនេះ តាមរបាយការណ៍ដែលយើងបានទូរទាត់ អាចនឹងមិនទាន់សព្វគ្រប់ទេ។ តែក្នុងរង្វង់នេះ យើងគ្រោងតែ ១១៨លានដុល្លារទេ។ ការអនុវត្តជាក់ស្តែង អាចនឹងលើសបន្តិច»

បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចមិនឲ្យមានការយកថវិកាម្នាក់ ៥០ដុល្លារសម្រាប់ថ្លៃស្នាក់នៅ និងអាហារពីគណៈប្រតិភូ និងកីឡាករ ដែលមកចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម ធ្វើឲ្យកម្ពុជាបង្កើនខ្ទង់ចំណាយ ៧លានដុល្លារ។ កម្ពុជាក៏មិនតម្រូវឲ្យយកថ្លៃសំបុត្រចូលទស្សនាកីឡា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមផងដែរ។

តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការមិនយកថ្លៃចំណាយដោយកម្ពុជា អាចជាគំនិតផ្តួចផ្តើម ពេលកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ស៉ីហ្គេមនៅប្រទេសគេវិញ គេអាចមិនយកពីកម្ពុជាដូចគ្នា។

សូមជម្រាបថា SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕