(ប៉ៃលិន)៖ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ងួន លីណា អភិបាលរងខេត្ត តំណាងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡា ខេត្ត។

លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីការខិតខំ និងយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តប៉ៃលិន ក្នុងការចូលរួមចំណែក ក្នុងការសហការការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្សធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ប្រកបដោយចីរភាពនៅកម្ពុជា។ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុ ជាដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបើកសិក្ខានេះមានគោលបំណងការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធ នឹងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងការកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

លោកបានបន្ដទៀតថា នៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុនៅក្នុងការទិញលក់បានឡើយ ជាពិសេសរាល់ការទិញលក់ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានចោលជាអាសារបង ហើយអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញដល់សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ចូលរួមជាមតិយោបល់ធ្វើយ៉ាងណាឲ្យបានផុលផុស ប្រកបដោយចំណេះដឹងជាពិសេសសម្រាប់យកទៅអនុវត្តតាមអង្គភាពនីមួយៗ ឲ្យបានកាន់តែល្អប្រសើរផងដែរ។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣៕