(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ លោក រ័ត្ន ហុក អនុរដ្ឋលេខាធិការ និងជានាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) តំណាងឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ នៅឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន លោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក គម្រោងLASED III,ក្រុមការងារ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រុមការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាពលរដ្ឋ ដែលជាមុខសញ្ញាអ្នកទទួលដី សរុបប្រមាណចំនួន៥៦១នាក់។
លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី បានលើកឡើងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ រៀបចំពិធីផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យ និងផ្សព្វផ្សាយជាសាធារណៈអំពីនីតិវិធីអនុវត្ត សម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាននាពេលនេះ ក្នុងគោលបំណងជូនដំណឹងជាសាធារណៈដល់ប្រជាពលរដ្ឋ អាជ្ញធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធពីការប្រកាសតំបន់វិនិច្ឆ័យ ដើម្បីធ្វើអត្តសញ្ញាណកម្មដី ផែនទីចំណាត់ថ្នាក់ដីរដ្ឋ លម្អិត និងចុះបញ្ជីដីឯកជនរបស់រដ្ឋ។
បន្ថែមពីនេះ ក៏ផ្សព្វផ្សាយអំពីនីតិវិធី និងព័ត៌មាន នៃការអនុវត្តកម្មវិធីសម្បទានដី សង្គមកិច្ចថ្នាក់មូលដ្ឋាន ដល់សាធារណៈជន ពិសេសប្រជាពលរដ្ឋដែលជាមុខសញ្ញាអ្នកទទួលដី ក្នុងឃុំគោលដៅ និងកំណត់កាលបរិច្ឆេទឱសានវាទ នៃការចូលកាន់កាប់ និងប្រើប្រាស់ដី ក្នុងទីតាំងដីសម្បទានសង្គមកិច្ច ក្នុងការអនុវត្តគម្រោង LASED III។
ជាមួយគ្នានេះ លោក ខ័ណ្ឌ ចំណាន បានលើកឡើងថា ទីតាំងអនុវត្តគម្រោងសម្បទានដីសង្គមកិច្ចមូល ដ្ឋានក្នុងស្រុកកូនមុំ មានចម្ងាយប្រមាណ៦៣គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរី លើផ្ទៃដី៣,៥០០ហិកតា ដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ចេញពី របៀងអភិរក្សជីវៈចម្រុះ នៃតំបន់ការពារ ធម្មជាតិ និងធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ សម្រាប់អនុវត្តកម្មវិធី សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ។
លោកបានបន្តថា ស្ថានភាពដីមានលក្ខណៈល្អអាចឲ្យប្រជាពលរដ្ឋរស់នៅសាងសង់លំនៅឋាន និងប្រកបរបរកសិកម្មបាន គឺជាគោលដៅនៃការអនុវត្តគម្រោង ហើយក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត បាននិងកំពុងខិតខំជំរុញការងារនេះ សំដៅធ្វើយ៉ាងណាឲ្យការរៀបចំគម្រោងសម្បទានដីសង្គមកិច្ចនេះ ដំណើរការដោយរលូនស្របតាមជំហាន និងផែនការមេដែល គ្រោងទុក ដើម្បីឲ្យប្រជាពលរដ្ឋជាអ្នកមុខសញ្ញាទទួលដីបានឆាប់រហ័ស។
ដោយឡែក លោក រ័ត្ន ហុក អនុរដ្ឋលេខាធិការ និងជានាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងដែលមានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានកំណត់ជ្រើសរើសយកខេត្តរតនគិរី ជាខេត្តគោលដៅ នៃការអនុវត្តវត្តគម្រោង LASED III។
លោកបានសំណូមពរ ក៏ដូចជាក្រើនរំឭកដល់ប្រជាពលរដ្ឋ សូមកុំចូលកាន់កាប់ទន្ទ្រានក្នុងដីសម្បទានសង្គមកិច្ច បើមិនដូច្នេះទេ នឹងត្រូវទទួលរងនូវការអនុវត្តច្បាប់ និងសូមប្រគល់ភារៈកិច្ច ក្នុងពេលនេះជូនក្រុមការងារដោះស្រាយទប់ស្កាត់ដីសម្បទានសង្គមកិច្ច ពិសេសរដ្ឋបាលស្រុកកូនមុំ ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ទប់ស្កាត់បង្ក្រាបយ៉ាងម៉ឹងម៉ាត់ ក្នុងករណីនៅតែបំពានសូមអនុវត្តវិធានការច្បាប់ជាចាំបាច់៕