(ភ្នំពេញ)៖ សហភាពអង្គការសង្គមស៊ីវិល ជាក្រុមយុវជនអង្គការសង្គមស៊ីវិលប្រមាណ២២ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ បញ្ជាក់ថា មានវប្បធម៌នយោបាយអាក្រក់ចំនួន៦ចំណុច ដែលត្រូវបានបណ្តុះ និងកំពុងបណ្តុះក្នុងសង្គមកម្ពុជា តាមរយៈអ្នកនយោបាយជ្រុលនិយម លោក សម រង្ស៉ី ដែលវប្បធម៌នយោបាយទាំងនេះនឹងធ្វើឱ្យសង្គមខ្មែរឈានទៅរកការបែកបាក់។

វប្បធម៌នយោបាយ អាក្រក់នោះរួមមាន៖

ទី១៖ ការធ្វើនយោបាយបំបែកបំបាក់ជាតិ តាមរយៈការប្រើសារនយោបាយ ដោយចោទប្រកាន់ខ្មែរគ្នាឯងថា អាយ៉ងយួន ក្បត់ជាតិ ក្បត់បក្ស ក្បត់ក្រុមជាដើម នេះជាការបណ្តុះគំនិតស្អប់ខ្ពើម ជ្រុលនិយមធ្វើឱ្យសង្គមខ្មែរបែកបាក់។

ទី២៖ ការធ្វើនយោបាយដោយយកការរិះគន់ជាន់ពន្លិច មិនមែនជាការរិះគន់បែបស្ថាបនា នេះជាការបណ្ដុះផ្នត់ គំនិតអយុត្តិធម៌ចំពោះភាគីម្ខាង និងជាការបង្អាក់ការខិតខំអភិវឌ្ឍជាតិរបស់គណបក្សឈ្នះឆ្នោត។

ទី៣៖ នយោបាយបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដោយចោទប្រកាន់ថាក្បត់ លក់ក្បាល អាយ៉ង ឬបង្អាក់គ្រប់វិធីសាស្ត្រចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ ឬអ្នកនយោបាយក្នុងបក្សប្រឆាំង ឬ អង្គការ ក្រុមយុវជន សមាគម ជាមួយ គណបក្សកាន់អំណាច ឬ បក្សផ្សេងៗទៀតក្នុងសង្គមនយោបាយ។

ទី៤៖ នយោបាយបំផ្លាញសន្តិភាព ដោយអំពាវនាវដល់ទាហាន ពលរដ្ឋ ឱ្យបះបោរប្រឆាំងរដ្ឋាភិបាល ដើម្បីបំពេញមហិច្ចតាខ្លួន ដែលនេះជាទង្វើអាក្រក់ បំផ្លាញសន្តិភាពជាតិ សុខុដុមរមនា ការរួមរស់ជាមួយគ្នារវាងខ្មែរនិងខ្មែរ។

ទី៥៖ នយោបាយមិនគោរពច្បាប់ជាតិនិងច្បាប់អន្តរជាតិ ដោយបំពារបំពានច្បាប់គ្រប់បែបយ៉ាងដើម្បីរិះគន់ភាគី ម្ខាង ឬ ដើម្បីឈ្នះ ដោយលែងគិតអំពីច្បាប់ទម្លាប់ ក្រមសីលធម៌ គុណធម៌របស់សង្គមជាតិ។

ទី៦៖ នយោបាយមិនគិតអំពីប្រទេសជាតិ សេដ្ឋកិច្ចជាតិ សាមគ្គីប្រជាជាតិខ្មែរតែមួយ ដោយដើរនិយាយអាក្រក់ តែពីប្រទេសខ្លួនទៅកាន់បរទេស ដើម្បីតែប្រយោជន៍នយោបាយផ្ទាល់ខ្លួន។

ក្រុមយុវជនអង្គការសង្គមស៊ីវិល បានមើលឃើញថា វប្បធម៌នយោបាយអាក្រក់ទាំង៦នេះ ផ្ដល់ផលប៉ះពាលយ៉ាងធ្ងន់ធ្ងរចំពោះ ប្រទេសជាតិក្នុងពេលបច្ចុប្បន្ន និងអនាគត។ យើងខ្ញុំសូមអំពាវនាវដល់បងប្អូនយុវជន ដែលគាំទ្រលោក សម រង្ស៉ី មេត្តាគិតគួរឱ្យបានវែងឆ្ងាយ ចំពោះអនាគតជាតិ ហើយសូមបញ្ឈប់ការគាំទ្រចំពោះនយោបាយបែបនេះបន្តទៀត៕