(រតនគិរី)៖ លោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកសន្និបាតបូកសរុបការងារក្រុមប្រឹក្សាគណៈឱសថការីខេត្តរតនគិរី អាណត្តិទី២ និងលើកទិសដៅបន្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈឱសថ ខេត្តរតនគិរី អាណត្តិទី៣។

អង្គសន្និបាតនេះ មានការចូលរួមពីលោកវេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត, លោកឱសថការី លី ច័ន្ទណារិទ្ធ ប្រធានគណៈឱសថការីខេត្ត, លោកឱសថការីមកពីខេត្តក្រចេះ, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ និងសមាជិក សមាជិកាជាច្រើនរូបទៀត។

លោកឱសថការី លី ច័ន្ទណារិទ្ធ បានលើកឡើងថា គណៈឱសថការីខេត្តរតនគិរី មានចំនួនសរុប៣៩នាក់ ក្នុងនោះឱសថការីឧត្តម ចំនួន៣៦នាក់ (ចំនួន៣៥នាក់ ទទួលខុសត្រូវឱសថស្ថាន និងម្នាក់ទៀត ទទួលខុសត្រូវមន្ទីរពិសោធន៍វេជ្ជសាស្ត្រ) និងឱសថការីមធ្យម ចំនួន៣នាក់ ដែលទទួលខុសត្រូវឱសថស្ថានរង «ក»។

ថ្លែងទៅកាន់សមាជិក សមាជិកាអង្គសន្និបាតក្នុងឱកាសនោះ លោកឱសថការី បាន បុត្តា បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានធ្វើការកោតសរសើរ ចំពោះគណៈឱសថការីខេត្តរតនគិរី អាណត្តិទី២ ដែលបានខិតខំអភិវឌ្ឍន៍វិជ្ជាជីវៈ។

លោកបន្ដថា ការប្រគល់ជូនវិញ្ញាបនបត្រ បញ្ជិកាឱសថការីកម្ពុជា គឺគណៈឱសថការីកម្ពុជា បានអនុវត្តឡើងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រអមវេជ្ជសាស្ត្រ ក្នុងគោលបំណងដើម្បីជំរុញការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងកំណត់និយាមអប្បរបរមា ដើម្បីស្នើសុំនឹងបន្តអាជ្ញាប័ណ្ណឱសថការី ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព។

លោកឱសថការី បាន បុត្តា បានសង្កត់ធ្ងន់ថា អង្គសន្និបាតពេលនេះពិតជាមានសារសំខាន់ណាស់ចំពោះសមាជិក សមាជិកា ដើម្បីបំពេញឲ្យបានពិន្ទុ សម្រាប់ទទួលបាននូវអាជ្ញាប័ណ្ណឱសថការីតាមលក្ខខណ្ឌតម្រូវ សំដៅធានាការអភិវឌ្ឍវិជ្ជាជីវៈបន្តបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាសុខាភិបាលដល់អ្នកជំងឺ ឬអតិថិជន ស្របតាមក្រមសីលធ៌ម បទដ្ឋានច្បាប់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។

សូមបញ្ជាក់ថា អង្គសន្និបាតនេះមានបេក្ខជនឈរឈ្មោះ ក្រុមប្រឹក្សាគណៈឱសថខេត្តរតនគិរី អាណត្តិទី៣ ចំនួន៣៩រូប (អវត្តមាន៦រូប) ហើយបេក្ខជន លី ច័ន្ទណារិទ្ធ ជាប់ជាប្រធានគណៈឱសថការីខេត្តរតនគិរី អាណត្តិទី៣ បន្តទៀត៕