(ភ្នំពេញ)៖ អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ដែលជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។
អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទនេះ ស្ថិតនៅដីឡូតិ៍លេខ០១ ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីសម្ពោធអគារនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្ដមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិយ៉ាងច្រើនកុះករផងដែរ។
នាយឧត្ដមសេនីយ៍ សំ វណ្ណថន បានថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ដែលបានផ្តល់អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទនេះ។ ការកសាងធនធានមនុស្ស គឺជាកត្តាដ៏សំខាន់បំផុត ក្នុងកិច្ចដំណើរការនៃការកសាងសង្គមជាតិមួយ ឱ្យមានការរីកចម្រើនជឿនលឿន ដោយយើងបានចាប់ផ្តើមពីបាតដៃទទេ ក្នុងដំណើរការនៃការកសាងជាតិមួយដ៏លំបាក រហូតមានថ្ងៃនេះ គឺក្រោមការដឹកនាំ ដែលមានចក្ខុវិស័យវែងឆ្ងាយ និងប៉ិនប្រសព្វប្រកបដោយស្មារតីទទួលខុសត្រូវរបស់គណបក្សប្រជាជន លើជោគវាសនា អនាគតនៃប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានបន្តថា ការអប់រំ គឺជាមធ្យោបាយមួយដ៏សំខាន់ ក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចេរភាព ដូច្នេះហើយ ក្រោយឆ្នាំ១៩៧៩ កម្ពុជា បានខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវវិស័យអប់រំ បើទោះបីពេលនោះកម្ពុជាស្ថិតក្នុងស្ថានភាព សង្គ្រាមផង និងសន្តិភាពផងក៏ដោយ។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺជាអទិភាពចំពោះវិស័យអប់រំ ចាប់ពីថ្នាក់ខេត្តេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា ដែលកន្លះមួយក្នុងចំណោមកគ្នាភាគ បាននាំឱ្យកម្ពុជាក្លាយជាសង្គមមួយមានសុខដុមភាព វឌ្ឍនភាព និងការយោគយល់គ្នា។
«ខ្ញុំគួរតែលើកអតីកាលផងដែរ ដើម្បីឱ្យនាយទាហានជំនាន់ក្រោយ បានយល់ពីស្ថានភាពខ្លះៗ ក្នុងព្រាដ៏លំបាកក្រោយឆ្នាំ១៩៧៩ កាលនោះមន្ត្រីរាជការធ្វើមិនមានប្រាក់បៀវត្សនោះទេ គឺមានត្រឹមគោរបបជាអង្ករ ប្រេងកាត និងសម្ភារបន្តិចបបន្តួច តែប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រួមទាំងទីកន្លែងធ្វើការ ក៏យើងប្រើប្រាស់នូវអគារចាស់ៗ បាក់បែកទ្រុតទ្រោម ដែលរងនូវការបំផ្លិចបំផ្លាញ និងសេសសល់ពីរបបខ្មែរក្រហម»។ នេះជាការលលើកឡើងបន្ថែមរបស់នាយឧត្តមសេនីយ៍ សំ វណ្ណថន។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានគូសបញ្ជាក់ថា ជាភ័ព្វសំណាង កម្ពុជាបានឆ្លងផុតនូវសម័យកាលដ៏ជូរចត់មួយនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បានប្រែក្លាយប្រទេសដែលពោរពេញទៅដោយការកាប់សម្លាប់ ការបង្ហូរឈាមគ្នា អសន្តិសុខទៅជាប្រទេសមានសុខសន្តិភាព មានការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ អាចនិយាយបានថាកម្ពុជា គឺជាដែនសន្តិភាពសម្រាប់មនុស្សជាតិ។
បើតាមឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជាប្រធាគណៈកម្មការសិក្សាសាងសង់ អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល បានឱ្យដឹងថា អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទនេះត្រូវប្រើរយៈពេលសាងសង់ចំនួន ១២ខែ គិតចាប់ពីខែមករា ឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ២០២៣នេះ។ អគារនេះ មានរាង ជាអក្សរ L ម៉ូតម៉ូឌែន (modern) ដំបូលប៉ិត ប្រក់ស័ង្កសី ក្បឿងជ័រ មាន០៤ជាន់ កម្ពស់ពីដី ដល់ដំបូល ១៩.៥ម៉ែត្រ និងមាន ១៩បន្ទប់ ប្រវែងអគារទទឹង ១២.៤០ម៉ែត្រ បណ្តោយ ២៨.៤០ម៉ែត លើទំហំដី ១៥.៧ម៉ែត្រ គុណ ៣៣ម៉ែត្រ ស្មើផ្ទៃដីសរុប ៥១៨ម៉ែត្រការ៉េ៕