(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយក្រុម ទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅប្រទេស ម៉ុងហ្គោលី។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៦ ខែកក្កដា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងជួបបណ្តាប្រមុខ ដឹកនាំប្រទេសជាច្រើន ទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប នៅក្នុងកិច្ចប្រជុំនេះ ដើម្បីពង្រីកទំនាក់ទំនង និងពង្រីកការវិនិយោគ និងទំហំ ពាណិជ្ជកម្មផងដែរ។
តើអ្វីទៅជាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប?
កិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និង កិច្ចសហប្រតិបត្តិការ ដែលនាំគ្រប់សមាជិកសហភាពអឺរ៉ុបទាំង ៣០ប្រទេស ជាមួយនឹងប្រទេសអាស៊ីចំនួន ២១ ព្រមទាំងលេខាធិការអាស៊ានផងដែរ។ កិច្ចពិភាក្សា ASEM លើកឡើងពីបញ្ហា នយោបាយ, សេដ្ឋកិច្ច, និង វប្បធម៌ ជាមួយគោលបំណង នៃការលើកកំពស់ទំនាក់ទំនង រវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណង នៃការគោរពគ្នាទៅវិញទៅមក និង ភាពជាដៃគូដោយស្មើសិទ្ធិគ្នា។
ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន ១៥នៃសហភាពអឺរ៉ុបនិង ប្រទេសចំនួន៧ នៃសមាជិកអាស៊ាន បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ នៅពេលនោះអឺរ៉ុប បានទទួលស្គាល់ពីការ អភិវឌ្ឍការលូតយ៉ាងរហ័ស និងសក្តានុពលនៅក្នុងតំបន់អាស៊ី ហើយគេចង់ពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹង និងការធ្វើទំនើបកម្មទំនាក់ទំនងលើវិស័យ ឬសរសរស្តម្ភបីគឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
កិច្ចប្រជុំកំពូល ASEM គឺជាការជួបគ្នារវាងពីរឆ្នាំម្តង របស់ប្រមុខដឹកនាំរដ្ឋ និង រដ្ឋាភិបាល, ប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុប, ប្រធាន នៃស្នងការអឺរ៉ុប និង អគ្គលេខាធិការ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលធ្វើឡើងជាទៀងទាត់រៀងរាល់ ២ឆ្នាំម្តង បានក្លាយជាវេទិកាមួយយ៉ាងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។
តាមរយៈបទបង្ហាញរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងរយៈពេលពីរទសវត្សរ៍នេះការចាប់បដិសន្ធិ ASEM បានសម្រេចនូវសមិទ្ធផលជាច្រើនមានជាអាទិ៍៖
១. ASEM បានបង្កើនសមាជិកភាពរបស់ខ្លួនរហូត ដល់ ៥៣នាពេលបច្ចុប្បន្ន ក្នុងនោះប្រទេសនៅតំបន់អាស៊ីមានចំនួន ២១ប្រទេស អឺរ៉ុប ៣០ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។ លើសពីនេះនៅប្រទេសជាច្រើនទៀត ជាពិសេសនៅតំបន់អឺរ៉ុប ដែលបានបង្ហាញពីចំណាប់អារម្មណ៍ចង់ចូលជាសមាជិក ASEM។ ដោយសារការពង្រីកសមាជិកភាពនេះ សេដ្ឋកិច្ច ASEM គ្របដណ្តប់ជាង៥ភាគរយ នៃ GDP សរុបរបស់ពិភពលោក និងជាង ៦០ភាគរយ នៃពាណិជ្ជកម្មពិភពលោក ព្រមទាំងមានប្រជាជនជាង ៥៨ភាគរយ នៃប្រជាជនសកល។ កត្តាទាំងអស់នេះ ឆ្លុះបង្ហាញពីភាពទាក់ទាញ និងសារៈសំខាន់ នៃASEM។
២. ASEM បានរួមចំណែកដល់ការពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសកលធំៗ ដូចជា៖ ការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ បញ្ហាអាវុធប្រល័យលោក (Weapons of mass destruction or WMD) ភេរវកម្ម លំហូជនចំណាកស្រុក ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខអន្តរជាតិ។
៣. ASEM គឺជាវេទិកាមួយសម្រាប់ប្រទេសសមាជិកផ្លាស់ប្តូរ និងជំរុញសាកល្បងគំនិត ឬ គោលនយោបាយថ្មី ក្នុងរូបភាពបើកចំហ និងទូលំទូលាយក្នុងន័យស្ថាបនាលើបញ្ហាប្រឈមពិភពលោកនាពេលបច្ចុប្បន្ន។
៤. ASEM ជាវេទិកា ដែលបំពេញបន្ថែម ឬ បើនិយាយឲ្យស្រួលយល់ ASEM មិនមែនជាវេទិកាជំនួសឲ្យវេទិកាទ្វេភាគី ឬពហុភាគីផ្សេងទៀតរវាងទ្វីបអាស៊ី និង អឺរ៉ុបឡើយ។ ASEM បានជំរុញឲ្យតំបន់អឺរ៉ុប និងអាស៊ី មានទស្សនៈវិស័យកាន់ទូលំទូលាយ និង ក៏បានផ្តោតសារៈសំខាន់លើការតភ្ជាប់រវាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការតភ្ជាប់ទំនាក់ទំនងប្រជាជន និងវប្បធម៌ រវាងតំបន់ទាំងពីរផងដែរ។ ការតភ្ជាប់នេះមានសារៈសំខាន់សម្រាប់វិបុលភាព ស្ថេរភាពក្នុងតំបន់ និង ការកសាងទំនុកចិត្ត ដើម្បីដោះស្រាយរួមលើបញ្ហាប្រឈមរបស់តំបន់ទាំងពីរ។
បើតាមលោករដ្ឋមន្រ្តី ប្រាក់ សុខុន ទោះបីជាង ២ទសវត្សរ៍មកនេះ ASEM មានវឌ្ឍនភាពច្រើនក៏ដោយ តែក៏នៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនផងដែរ ដែលត្រូវដោះស្រាយជាចាំបាច់។ បញ្ហាប្រឈមទាំងនោះមានដូចជា៖
១. កង្វះខាត នៃការយល់ដឹងអំពីដំណើរការ ASEM។ ជាក់ស្តែងនៅក្នុងចំណោមប្រជាជនទូទៅជាពិសេសនៅក្នុងប្រទេសកម្ពុជា ពុំទាន់មានការយល់ដឹង ឬ ក៏ដឹងឮស៊ីជម្រៅអំពី ASEM នៅឡើយទេ ដែលទាមទារឲ្យមានការផ្សព្វផ្សាយឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ តាមរយៈការចែករំលែកព័ត៌មាន ការបើកវគ្គបណ្តុះបណ្តាល ការរៀបចំវេទិកា កិច្ចសន្ទនា ការរៀបចំបាឋកថាសាធារណៈ។
២. ASEM ពុំទាន់សម្រេចលទ្ធផលជាក់ស្តែងធំៗនៅឡើយ ដែលទាមទារឲ្យមានកិច្ចសហការជាសកម្ម និងរួមគ្នាដោះស្រាយបញ្ហាជាសកល ដូចជាការប្រែប្រួលអាកាសធាតុ ភេរវកម្ម និងចំណាកស្រុកជាដើម។
៣. ASEM ត្រូវតែដោះស្រាយកង្វះខាតលើបញ្ហា ដែលហៅថា Connectivity ឬ ការតភ្ជាប់រួមទាំងខាងហេដ្ឋរចនាសម្ព័ន្ធរូបវន្ត ការតភ្ជាប់ផ្នែកឌីជីថល (Digital Connectivity) ការតភ្ជាប់ជាប្រព័ន្ធស្ថាប័ន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ជោគជ័យ នៃ ASEM គឺជាក់ស្តែងនឹងឈរលើជោគជ័យ នៃការអនុវត្តវិធានការតភ្ជាប់ ទាំងឡាយរវាងទ្វីបទាំងពីរ។
តើកម្ពុជា ទទួលបានប្រយោជន៍អ្វីខ្លះពីកិច្ចប្រជុំនេះ ក្រោយចូលជាសមាជិកនៅឆ្នាំ២០០៤?
ប្រទេសកម្ពុជា បានចូលជាសមាជិក ASEM នៅក្នុងឆ្នាំ២០០៤ ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក ប្រាក់ សុខុន បានបញ្ជាក់ថា ក្រោយចូលជាសមាជិក ASEM កម្ពុជា តែងតែចូលរួមរាល់កិច្ចប្រជុំធំៗទាំងអស់របស់ ASEM រួមមាន៖ កិច្ចប្រជុំកំពូលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស កិច្ចប្រជុំរដ្ឋមន្រ្តីផ្សេងទៀត ដែលក្នុងនោះក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដើរតួជាសេនាធិការទទួលបន្ទុកសម្របសម្រួលកិច្ចការ ASEM និង ក្រសួងពាក់ព័ន្ធ។
កម្ពុជា បានផ្តល់វិភាគទានចំនួន ១០.០០០ដុល្លារអាមេរិក ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៥ មកដល់មូលនិធិអាស៊ី-អឺរ៉ុប (Asia-Euro pe Foundation) ដែលហៅកាត់ ASEF។ មូលនិធិនេះ ជាស្ថាប័នតែមួយគត់របស់ ASEM ដែលធ្វើសកម្មភាពលើកកម្ពស់ការយល់ដឹងពង្រឹងទំនាក់ទំនង និងសម្របសម្រួល កិច្ចសហប្រតិបត្តិការរវាងប្រជាជន ស្ថាប័ន និងអង្គការ នៃបណ្តាទ្វីបអាស៊ី និង អឹរ៉ុប។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការចូលរួមជាប្រចាំក្នុងកិច្ចប្រជុំ ASEM កម្ពុជាបានទាញប្រយោជន៍ជាច្រើនផងដែរ។ ប្រយោជន៍ទាំងនោះ មានជាអាទិ៍៖
១. បានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសសមាជិកមួយចំនួន ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំ ASEM សំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍។ បន្ថែមលើនេះ ក៏បានស្វែងរកអាហារូបករណ៍ មួយចំនួនសម្រាប់និស្សិតកម្ពុជាផងដែរ។
២. ASEM បានចូលរួមចំណែកដល់ ការអភិវឌ្ឍធនធានមនុស្ស របស់ប្រទេសតាមស្ថាប័នរដ្ឋ ស្ថាប័នរដ្ឋសភា វិស័យឯកជននានានៅកម្ពុជា តាមរយៈការរៀបចំចំ និងចូលរួមសន្និសីទ សិក្ខាសាលា ការបណ្តុះបណ្តាល កិច្ចសន្ទនានានា និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត របស់មូលនិធិ ASEM។ ជាក់ស្តែងកាលពីដើមខែធ្នូ ឆ្នាំ២០១៥ កម្ពុជា បានសហការជាមួយ ASEM រៀបចំវគ្គបណ្តុះបណ្តលមួយ ស្តីពីភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ដល់សិក្ខាកាមជាយុវជនកម្ពុជាចំនួន ៨៥នាក់ នៅភ្នំពេញ។ លើសពីនេះ ក៏មានការលើកកម្ពស់ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការចងក្រងបណ្តាញ នៃមជ្ឈមណ្ឌលអប់រំផងដែរ។
៣. កម្ពុជា ក៏បានលើកកម្ពស់វិស័យទេសចរណ៍ និងផ្សព្វផ្សាយអំពីសក្តានុពល នៃវិស័យទេសចរណ៍ នៅក្នុងបណ្តាប្រទេសជាសមាជិក ASEM តាមរយៈការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងឡាយ។
៤. ASEM ជាឱកាសសម្រាប់លើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ។ ជាប្រចាំ កម្ពុជាក្នុងកិច្ចប្រជុំ ASEM តែងតែចូលរួមផ្តល់មតិយោបល់ក្នុងការតាក់តែង កែសម្រួលលើឯកសារផ្លូវការទាំងឡាយ រួមចំណែករកដំណោះស្រាយ និងស្វែងរកកុងសង់ស៊ីស (Consensus) លើបញ្ហាប្រឈមថ្នាក់តំបន់ និងសកល។ នេះបង្ហាញពីការចូលរួម យ៉ាងពេញលេញ សកម្ម និងស្ថាបនារបស់កម្ពុជា ដោយស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេស ជាសមាជិកដទៃទៀត៕