(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បានលើកឡើងថាប្រព័ន្ធការពារគ្រាប់មីស៊ីលដែលអាមេរិក បានបំពាក់ កន្លងមកដើម្បីការពារការវាយប្រហារពីបរទេស ជាពិសេសប្រទេសកូរ៉េខាងជើងនោះ វានៅមិនទាន់មានសមត្ថភាព គ្រប់គ្រាន់ក្នុងការការពារអាមេរិកនោះទេ ហើយយើងក៏មិនទាន់មានទំនុកចិត្តដែរថានឹងអាចសម្រេចទៅតាមអ្វីដែល យើងចង់បាននោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦។
ប្រព័ន្ធការពារគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ដែលត្រូវបានដាក់ចំនួន ៣០ទីតាំងនៅរដ្ឋ Alaska និងកាលីហ្វរញ៉ានោះ ត្រូវបានធ្វើតេស្តក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង បានតែចំនួន ០៩លើកប៉ុណ្ណោះចាប់តាំងពីវាត្រូវបានដាក់ពង្រាយ កាលពីឆ្នាំ ២០០៤ ក្នុងជំនាន់ប្រធានាធិបតីទី៤៣ លោក George W. Bush ហើយវាក៏បរាជ័យក្នុងការអនុវត្តឲ្យបានចំនួន ២ភាគ៣ នៃគំរោងទាំងមូលផងដែរ។ នេះបើតាម របាយការណ៍ពីក្រុមអ្នកវិទ្យាសាស្ត្រ UCS (Union of Concerned Scientists)។
លោកស្រី Laura Grego តំណាងក្រុម UCS បានថ្លែងដូច្នេះថា «បន្ទាប់ពីរយៈពេល ១៥ឆ្នាំនៃការព្យាយាមកសាង នូវប្រព័ន្ធការពារគ្រាប់មីស៊ីលនោះ វាមិនទាន់បានបង្ហាញពីសមត្ថភាពពិតប្រាកដដល់ពិភពលោក ក្នុងការការពារ សហរដ្ឋអាមេរិកនោះឡើយ»។ គំរោងនេះបានចំណាយលុយអស់ ៤០ពាន់លានដុល្លារទៅហើយ ហើយវានឹងត្រូវ ចំណាយបន្ថែមទៀតសម្រាប់គំរោងបំពាក់ប្រព័ន្ធស្ទាក់ចាប់ចំនួន ៤៤គ្រឿងនៅឆ្នាំ ២០១៧ ដែលពីដំបូងឡើយ វាត្រូវ បានផ្តួចផ្តើមគំនិតដោយអតីតរដ្ឋបាលលោកប្រធានាធិបតី Bush៕