(ព្រៃវែង)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារដែលដាក់លក់ ខូចគុណភាព និងហួសកាលបរិច្ឆេទ នៅលើទីផ្សារនោះ លោក តូច ចៅកុយ អនុប្រធានកាំកុងត្រូលសាខា ខេត្តព្រៃវែង សហការជា មួយស្ថាប័ន និងមន្ទីរពាក់ព័ន្ធ បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅតាមតូបលក់ទំនិញ និងស្តារម៉ាតមួយចំនួន ស្ថិតនៅក្រុងព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក តូច ចៅកុយ បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញ នៅលើទីផ្សារនេះ មន្រ្ដីជំនាញ បានយកចិត្តទុកដាក់ទៅលើ ផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករ កំពុងដាក់តាំងលក់ នៅតាមតូប ដើម្បីទទួលបាននូវ ម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព។
លោកអនុប្រធានសាខាកាំកុងត្រូល បានបន្តថា «ការចុះត្រួតពិនិត្យនេះ យើងបានដកហូតទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ចំនួន ២១កញ្ចប់ ដើម្បីរក្សាទុក និងធ្វើការកម្ទេចោល។ ចំពោះអាជីវករដែលបានដកហូតទំនិញ បានធ្វើកិច្ចសន្យាឲ្យឈប់ការដាក់តាំងលក់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់។ ក្រោយពីរកឃើញទំនិញ ខូចគុណភាព ទាំងអស់នោះ កម្លាំងរបស់យើងរឹបអូសយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនាពេលខាងមុខ»។
ជាមួយគ្នានោះលោក តូច ចៅកុយ ក៏បានណែនាំដល់ក្រុមអាជីវករឲ្យដាក់តាំងលក់ផលិតផល ដែលមានស្លាកសញ្ញាត្រឹមត្រូវនិងមាន អនាម័យត្រឹមត្រូវ ដាក់ឲ្យមានសណ្តាប់ធ្នាប់ ដាក់តាមកន្លែងរៀងៗខ្លួន ដូចជាម្ហូបអាហារ ដាក់តាមម្ហូបអាហារ។
លោកបន្តថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញ បានធ្វើការត្រួតពិនិត្យ ជាប្រចាំទៅតាមការណែនាំ ពីលោកអគ្គនាយកកាំកុងត្រូលដើម្បី ទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរចែកចាយលក់ដូរផលិតផល ម្ហូបអាហារ គ្មានអនាម័យ និងទំនិញខូចគុណភាព៕