គណបក្សប្រជាជនកម្ពុជា នៅចក្រភពអង់គ្លេសប្រារព្ធខួបអនុស្សាវរីយ៏លើកទី៦៥ ថ្ងៃបង្កើតគណបក្ស
14-07-2016 08:01
(ក្រុងឡុងដ៏)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអ៉ឺរ៉ុប សហការជាមួយគណបក្សប្រជាជនកម្ពុជា នៅចក្រភពអង់គ្លេស នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃនៃការបង្កើតគណបក្សដែលបានប្រព្រឹត្ត ទៅនៅចំកណ្ដាលទីក្រុងឡុងដ៏។ ក្នុងពិធីនេះ ក្រោមអធិបតី ពីលោក មាស គីមហេង ឯកអគ្គរាជទូតខ្មែរ ប្រចាំចក្រភពអង់គ្លេស លោក ជាប ដាវុធ ប្រធានក្រុមការងារប្រចាំចក្រភពអង់គ្លេសនិងតំបន់ Lile និងលោក ហួត ហាក់ ប្រធានក្រុមការងារចាត់តាំង យុវជនគណបក្សប្រជាជននៅទ្វីបអ៉ឺរ៉ុប ជាតំណាងលោក ហ៊ុន ម៉ាណែត ព្រមទាំងសមាជិក សមាជីកា ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោក ហួត ហាក់ ប្រធានក្រុមការងារចាត់តាំង យុវជនគណបក្សប្រជាជននៅទ្វីបអ៉ឺរ៉ុប ក៏បានអានសន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនផងដែរ។
បន្ថែមពីនេះ អង្គមេទិញទាំងមូល ក៏បានសម្ដែងការគាំទ្រ និងដឹងគុណ ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្ដេចតេជោ ដែលបានខិតខំតស៊ូ រំដោះប្រទេសជាតិ ឲ្យបានរួចផុតពីវិនាសកម្មនៃរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ហើយបានដឹកនាំកសាងប្រទេសជាតិ ពីបាតដៃទទេរ រក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាពសង្គម និងបាននឹងកំពុង ដឹកនាំអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន លើគ្រប់វិស័យ៕