(ភ្នំពេញ)៖ ក្នុងនាមអ្នកកាន់ ព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ លោកម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាននាំយកទៀន វស្សាប្រគេនដល់វត្តចំនួន៤ ក្នុងស្រុកកៀនស្វាយ ដែលពិធីនេះធ្វើឡើងនៅវត្តដីឥដ្ឋ។
ប្រធានក្រុមការងារចុះជួយ ការងារឃុំដីឥដ្ឋនិងឃុំភូមិធំ លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យដឹងថា វត្តទាំង៤រួមមាន វត្តស្លាកែត វត្តដីឥដ្ឋ វត្តពុទ្ធមណ្ឌល និងវត្តសំពៅពាច ហើយក្នុង១វត្តទទួលបានសាដក១ ទានព្រះវស្សា១គូ អង្ករ២០០គីឡូក្រាម ត្រីខ ១កេស មី២កេស ទឹកសុទ្ធ៥កេស ទឹកក្រូច៥កេស ទឹកស៊ីអ៊ីវ ៤យួរ ទឹកត្រី៤យួរ ស្ករស ៥០គីឡូក្រាម និងបច្ច័យ៥០០,០០០រៀល។
ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយពុទ្ធបរិស័ទ្ធចំណុះជើងវត្តខាងលើ ប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ស្រុកកៀនស្វាយ បានឲ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋ ជួបប្រទះខ្វះខាតក្នុង ជីវភាពប្រចាំថ្ងៃដូចជាខ្វះ អង្ករអាចទាក់ទង តាមទូរស័ព្ទទៅក្រុមការងារប្រចាំភូមិ ឬក៏មេភូមិរាយការណ៍ ទៅក៏បានដែរ ហើយថា មិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អង្ករនោះទេ។
លោកបន្តថា ក្រុមការងារតែងតែយកចិត្តទុកដាក់ ក្នុងការជួយដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ។ ប្រសិនបើបងប្អូនណាខ្វះលទ្ធភាព ក្នុងការទិញសំលៀកបំពាក់ ដើម្បីឲ្យកូនបានចូលរៀនសូត្រ ត្រូវរាយការណ៍មកមេភូមិ ដើម្បីឲ្យមេភូមិទំនាក់ទំនង មកក្រុមការងាររបស់យើងផ្ទាល់ ដើម្បីជួយទំនុកបម្រុងដល់ ពួកគាត់ដែលខ្វះខាត។
ក្នុងឱកាសនោះដែរ លោកក៏បានផ្តល់ថវិកាដល់តាជី១ម៉ឺនរៀល និងខោខ្លី ចំណែកយាយជី១ម៉ឺនរៀល និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ៕