(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាធិកាជាតិសន្តិសុខលម្ហសមុទ្រ បានថ្លែងបញ្ជាក់ថា ក្នុងនាមជាកងកម្លាំងការពារសន្តិសុខលើផ្ទៃសមុទ្រ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះការរក្សាសន្តិសុខ ទប់ស្កាត់ និងបង្ក្រាបរាល់អំពើខុសច្បាប់ទាំងក្នុងសមុទ្រ និងតំបន់ជាប់មាត់សមុទ្រ រួមទាំងការរុករកនិងសង្គ្រោះ។

នុងនាមជាកងកម្លាំងការពារសន្តិសុខលើផ្ទៃសមុទ្រ ក៏ត្រូវរក្សាកិច្ចសហការ និងទំនាក់ទំនងល្អប្រសើរ ជាមួយក្រសួងស្ថាប័ន អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ។ គ្រប់គ្រងកម្លាំង និងមធ្យោបាយ ឧបករណ៍ សម្ភារឱ្យបានល្អសម្រាប់ឆ្លើយតបទាន់ពេលវេលាទៅនឹងឧប្បត្តិហេតុទាំងឡាយ ក៏ដូចជាសម្ភារដែលបានប្រគល់ជូននៅថ្ងៃនេះ ត្រូវចេះស្រលាញ់ ថែរក្សា រៀបរយឱ្យបានល្អ ស្រលាញ់
សម្ភារប្រើប្រាស់របស់អង្គភាពឱ្យដូចសម្ភារប្រើប្រាស់នៅផ្ទះខ្លួនឯងដូចគ្នា។

នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងយ៉ាងដូចនេះនាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញចុះប្រគល់អំណោយដល់បណ្តាស្នាក់ការសន្តិសុខ របស់ទីបញ្ជារការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ខេត្តព្រះសីហនុ។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ យន្ត មីន ក៏បានណែនាំដល់បណ្តាស្នាក់ការសន្តិសុខ របស់ទីបញ្ជារការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួននៅក្នុងការកំណត់ជាគោលនយោបាយការរៀបចំយុទ្ធសាស្ត្រ ការកសាងឯកសារគតិយុត្តនានា ការរៀបចំផែនការសកម្មភាពការកសាងសមត្ថភាពផ្នែកច្បាប់ និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។

នាឱកាសនោះដែរលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស ក៏បានថ្លែងអំណគុណដល់នាយឧត្តមសេនីយ៍ យន្ត មីន និងសម្ដេចពិជ័យសេនា ទៀ បាញ់ បាននាំយកអំណោយប្រគល់នៅពេលនេះ ដែលទាំងនេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីកាយវិការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានស្វែងយល់ពីសុខទុក្ខដល់មន្ត្រីក្រោមឱវាទ។

លោកបានបន្ថែមថា រាល់គ្រប់សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារសម្រាប់ឱ្យដំណើរការ និងការរីកចម្រើនដល់អង្គភាព ស្របតាមគោលនយោបាយ និងយុទ្ធសាស្តជាតិស្តីពីសន្តិសុខលម្ហសមុទ្រ។ កាយវិការដ៏ប្រពៃថ្លៃថ្លានេះ គឺជាចងចាំមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ ជាកម្លាំងចលករមួយសំខាន់ដែលបានជម្រុញទឹកមួយកម្រិតបន្ថែមទៀត ក្នុងការប្តេជ្ញាអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ដែរថា ចំពោះស្នាក់ការសន្តិសុខដែលទទួលបានអំណោយ មានចំនួនសរុប ៥ស្នាក់ការដូចជា៖ ស្នាក់ការឡាំដាំ, ស្នាក់ការកោះតាង, ស្នាក់ការកោះសេះ,ស្នាក់ការកោះរ៉ុង, និងស្នាក់ការកោះពោធិ៍ ទទួលបានអំណោយរួមមាន៖ អាគុយចំនួន៧ធុង, ស៊ីទែនស្តុកទឹកចំណុះ៥០០០លីត្រចំនួន៤ធុង, ម៉ាស៊ីភ្លើងចំនួន២គ្រឿង, ម៉ូទ័របូមទឹកចំនួន៣គ្រឿង, អំពូលភ្លើងសូឡា២០ឈុត, ថ្នាំលាប ចំនួន៨ធុង និងសម្ភារៈមួយចំនួនផ្សេងបន្ថែមទៀត៕