(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកកក្កដានេះ បានអញ្ជើញ សម្ពោធសមិទ្ធផលនានាក្នុងវត្តស្វាយផ្អែម ក្នុងនោះមានព្រះវិហារថ្មី ដើម្បីតម្កល់ទុកជាទីគោរពបូជា និងលើកតម្កើងវិស័យព្រះពុទ្ធសាសនា។
វត្តស្វាយផ្អែម ត្រូវបានកសាងឡើងនៅលើផ្ទៃដីជាង២ហិកតា ស្ថិតក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើគិតមកទល់បច្ចុប្បន្ន វត្តនេះមានអាយុកាល៦៦ឆ្នាំ និងមានព្រះសង្ឃគង់ចំនួន០៩អង្គ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា សមិទ្ធផលនានានៅក្នុងវត្តនេះ គឺបានកសាងឡើងដោយថវិកា សទ្ធាជ្រះថ្លា របស់ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ក្នុងទឹកប្រាក់សរុប៤សែន៣ម៉ឺនដុល្លារអាម៉េរិក។
លោកឲ្យដឹងទៀតថា សមិទ្ធផលទាំងនេះមាន៖ កុដធ្វើអំពីថ្ម២ខ្នង ចំណាយទឹកប្រាក់សរុប៣៧,០០០ដុល្លារ របងជុំវិញវត្តប្រវែង៦៥០ម៉ែត្រ ចំណាយអស់ជាង៤ម៉ឺនដុល្លារ ក្លោងទ្វារវត្តចំនួន២កន្លែង ចំណាយអស់ជាង១៤,០០០ដុល្លារ បន្ទប់អនាម័យចំនួន៦បន្ទប់ ចំណាយអស់២,៨០០ដុល្លារ។ ដោយឡែក ព្រះវិហារថ្មី ដែលត្រូវបានកាត់ឫសសីមានេះ មានទំហំ២១ម៉ែត្រ គុណនឹង៣៣ម៉ែត្រ និងកម្ពស់២ជាន់ ចំណាយថវិកាសាងសង់ អស់ជាង៣សែន៣ម៉ឺនដុល្លារ។
លោកអភិបាលរាជធានីភ្នំពេញ ចាត់ទុកសមិទ្ធផលក្នុងវត្តស្វាយផ្អែមនេះ ជាផ្លែផ្កាកើតចេញពីសន្តិភាពដែលរាជរដ្ឋាភិបាលបាននឹងកំពុង ថែររក្សា ការពារ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
លោក ប៉ា សុជាតិវង្ស បានថ្លែងទៀថា «សភាពការណ៍មានសុខសន្តិភាពទូទាំងប្រទេស បាននាំមកនូវសមិទ្ធផលជាច្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ លក្ខណៈបែបនេះធ្វើឲ្យប្រជាជន មានលទ្ធភាពកាន់តែខ្ពស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត»។
លោកអភិបាលរាជធានីភ្នំពេញ បានស្នើដល់ប្រជាពលរដ្ឋ ពិសេសពុទ្ធបរិស័ទ រួមគ្នាកសាងសមិទ្ធផលក្នុងវត្ត ដើម្បីតម្កល់ទុកជាទី សក្ការៈគោរពបូជា និងលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាសាសនារបស់រដ្ឋ។
លោកថ្លែងបញ្ជាក់ថា «បើចង់ឲ្យពុទ្ធចក្ររីកចម្រើន គឺទាល់តែរួមគ្នាការពារ និងអភិវឌ្ឍន៍ទាំងវិស័យអាណាចក្រ។ យើងជាពុទ្ធបរិស័ទ ក៏ត្រូវរួមគ្នាថែរក្សា ការពារនិងលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ ដែលនេះមិនអាចកាត់ ផ្តាច់ចេញពីគ្នារវាងវិស័យអាណាចក្រ និងពុទ្ធចក្រ»។
បច្ចុប្បន្ននៅទូទាំងប្រទេសមានព្រះសង្ឃជិត៦ម៉ឺនអង្គ ក្នុងនោះព្រះសង្ឃគណៈមហានិកាយ មានជាង៥ម៉ឺនអង្គ និងព្រះសង្ឃគណៈធម្ម យុត្តិកនិកាយមានជិត៥ពាន់អង្គ។ ទីវត្តអារាម បានកើនដល់ជិត៥ពាន់វត្ត ក្នុងនោះវត្តសម្រាប់សង្ឃគណៈមហានិកាយមានជាង ៤៥០០វត្ត។ នេះបើតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនា៕