(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រ លើកទឹកចិត្ត អ្នកកីឡាជាតិយើងឱ្យបានផុសផុល ជាមួយឥរិយាបសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់។

ការអំពាវនេះ បានធ្វើឡើងស្របពេលដែល «ព្រះអគ្គិជ័យកីឡា» ត្រូវបានដង្ហែដល់មាតុភូមិកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយកម្ពុជាបានទទួល ពីប្រទេសឡាវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ខេត្តស្ទឹងត្រែង។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីប្រារព្ធពិធីដង្ហែក្នុងខេត្តស្ទឹងត្រែង ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្តដំណើរឆ្លងកាត់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល ហើយចូលទៅកាន់វិមានឈ្នះៗ។ ក្បួនដង្ហែនៅក្នុងរាជធានីភ្នំពេញ នឹងចាប់ផ្តើមនៅថ្ងៃទី២៩ និងបន្តទៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី៥ ខែឧសភា។

សម្តេចបានបញ្ជាក់ថា៖ «សូមបងប្អូនចូលរួមគាំទ្រ លើកទឹកចិត្ត អ្នកកីឡាជាតិយើងឱ្យបានផុសផុល ជាមួយឥរិយាបសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ទាំងអស់គ្នា»

សូមបញ្ជាក់ថា SEA Games នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំអស់រយៈពេល៦៤ឆ្នាំ រហូតដល់កម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ ក្រោមមូលបទ «កីឡារស់ក្នុងសន្ដិភាព»