(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះ​វិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតនៅ​ស្រុក​លើកដែក ខេត្តកណ្ដាល នាថ្ងៃទី៣ ខែឧសភា ខាងមុខនេះ។

ព្រះបទុមវង្សា ម៉េត សាម៉ន ព្រះចៅអធិការវត្តបទុមវង្សា បានមានព្រះថេរដីកា​ឱ្យ​ដឹងថា ព្រះវិហារថ្មីដែលត្រៀមប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា នាពេលខាង មុខនេះ កសាងឡើងរយៈពេលជិត ១៣ឆ្នាំ ដោយចំណាយថវិកាប្រមាណជាង​៨០ម៉ឺនដុល្លារអាមេរិក ក្រោមការជួយជ្រោមជ្រែងពីក្រុមការងារចុះមូលដ្ឋាន និង​ពុទ្ធបរិស័ទ។

បើតាមព្រះបទុមវង្សា ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ដែលប្រៀបបាននឹង​បេះ​ដូងនៃទីអារាមនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទទី១ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានពិធីសាសនា ការសម្ដែងល្ខោនបាសាក់ ចាប៉ីដងវែង ការបាញ់កាំជ្រួច និងបង្ហោះគោមជាដើម។

ព្រះចៅធិការបានមានព្រះថេរៈដីការអំពាវនាវក្នុងន័យដើមថា «សូមអញ្ជើញចូល​រួម​បំពេញបុណ្យកុលសចុងក្រោយ ហៅថាអប្បរាបរចេតនា ជាការជ្រះថ្លៃចំពោះ​បុណ្យរបស់យើង កុំឱ្យជាប់មន្ទិលថា ព្រះវិហារបស់អញតទៅទៀត គឺថា យើង​បានប្រគេនព្រះសង្ឃ ថ្វាយព្រះរតនត្រ័យហើយនាពិធីបញ្ចុះខណ្ឌសីមានេះ»។

នាថ្ងៃទី២៦ ខែមេសា ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលខេត្តកណ្ដាល រដ្ឋបាល​ស្រុក​​លើកដែក ព្រះចៅអធិការវត្ត និងអាជ្ញាធរឃុំ បានបើកកិច្ចប្រជុំជាមួយក្រុម​ការងារលោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីសម្រេចអំពីរបៀបវារៈសំខាន់​ នៃពិធី​បុណ្យនាពេលខាងមុខ។

ព្រះវិហារ គឺជាទីសេនាសនៈដ៏ឧត្តុង្គឧត្តមបំផុតនៅក្នុងវត្តអារាម ដ្បិតមានតែក្នុង​ព្រះវិហារមួយគត់ដែលព្រះសង្ឃអាចប្រារព្ធកិច្ចសំខាន់ៗ ដូចជាសម្ដែងអាបត្តិ បំបួសព្រះសង្ឃ ក្រាលគ្រងកឋិនទាន ដែលកិច្ចសំខាន់ទាំងនេះ មិនអាចធ្វើនៅ​លើ​កុដ្ឋ សាលា ឬទីសេនាសនៈណាផ្សេងបានឡើយ។

សូមបញ្ជាក់ថា នៅមុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាឱកាស​ដែលទីអារាមនានាតែងប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពិធីបុណ្យសម្ពោធ​ឆ្លង​សមិទ្ធផលនានាដែលកើតឡើងដោយសារការគាំទ្រពីថ្នាក់ដឹកនាំជាតិ និង​កម្លាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ៕