(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានរៀបចំពិធីក្រុងពាលី និងសុំការអនុញាតពីម្ចាស់ទឹកម្ចាស់ដី មុនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ។ សម្រាប់ថ្ងៃស្អែក នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារជាតិ នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ពិធីនេះបានរៀបចំឡើង នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជាប្រធាគណៈកម្មការសិក្សាសាងសង់ អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល តំណាងនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ, ឧត្តមសេនីយ៍ទោ ហៀ ហ៊ីន នាយក មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិជាច្រើនរូបទៀត។
អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទនេះ ស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវលេខ១៣ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់បម្រើការងារប្រចាំថ្ងៃដល់ការិយាល័យភស្តុភារ។
មជ្ឈមណ្ឌលមួយខ្នងនេះ មានកម្ពស់ ៣ជាន់ លើផ្ទៃដី ៥២៨ម៉ែត្រការ៉េ បណ្ដោយ ៣២ម៉ែត្រ និងទទឹង ១៦,៥ម៉ែត្រ ក្នុងនោះមាន សាលបណ្តុះបណ្តាល ចំនួន០១, បន្ទប់ការិយាល័យ ចំនួន០៨, សាលប្រជុំចំនួន០១, បណ្ណាល័យ ចំនួន០១, បន្ទប់យោធាចារ្យ សាស្ត្រាចារ្យ ចំនួន០១ និងមានបន្ទប់ទឹក ចំនួន០៧។ ដោយបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២៕