(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ឱ្យអ្នក​ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប អញ្ជើញជាតំណាងរបស់​សម្តេចសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលតម្លៃជិត ១លានដុល្លារ​ នៅក្នុងវត្ត​ទេពបុរី ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាថ្ងៃ២៧ ខែមេសា ឆ្នាំ២០២៣នេះ។

ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តទេពបុរីនេះ ក៏មានការអញ្ជើញចូលរួមពីអ្នក​ឧកញ៉ា គៀន ស្រីនាង ឧត្តមភរិយាអ្នកឧកញ៉ា ទ្រី ភាព។ ក្នុងពិធីប្រកបដោយ​ភាព​សប្បាយរីករាយនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុម​ហ៊ុនទ្រីភាពគ្រុប លោកយាយលោកតា ព្រមទាំងបងប្អូនប្រជា​ពល​រដ្ឋយ៉ាងច្រើនកុះករប្រកបដោយភាពសប្បាយរីករាយ។

សមិទ្ធផលដែលបានដាក់សម្ពោធនាព្រឹកថ្ងៃនេះរួមមាន៖ សាលាធម្មសភា សា​លា​​អនុគណ និងប្រាសាទភទ្ទកប្ប ព្រមទាំងសមិទ្ធផលផ្សេងៗទៀត សាងសង់​ដោយ​បច្ច័យជាសទ្ធារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយចំណាយថវិកា​ប្រមាណ ៨៨៨,៥៣០ដុល្លារអាមេរិក។

នៅចំពោះមុខគណៈអធិបតី លោកតា លោកយាយ ប្រជាពលរដ្ឋប្រមាណជា ២ពាន់​នាក់ អ្នកឧកញ៉ាបណ្ឌិតទ្រី ភាព បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានប្រឹងប្រែងកសាងសង្គមកម្ពុជាដោយមិនខ្លាចការ នឿយហត់។ កិច្ចប្រឹងប្រែងនៃការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យសង្គមកម្ពុជា មានសុខសន្តិភាពពេញលេញ ពលរដ្ឋរស់នៅ ដោយសុខសុភមង្គល។ ជាពិ​សេស​សម្តេចតេជោ បានធ្វើឱ្យមានការីកចម្រើនលើគ្រប់វិស័យ ដោយបាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់...។

«សម្ដេចបាននាំមកនូវសុខសន្តិភាព ទើបយើងមានឱកាសកសាង​ប្រទេស​ឱ្យរីក​ម្រើនឡើង។ ដូច្នេះសូមដឹងគុណដល់សម្ដេចតេជោ ដូចពាក្យចាស់ពោលថា [ ផឹកទឹកឱ្យនឹកប្រភព បានជ្រកក្រោមម្លប់នឹកដល់អ្នកដាំ]»។ នេះជាការគូសបញ្ជាក់របស់អ្នកឧកញ៉ា ទ្រី ភាព។

អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងទៀតថា «សព្វថ្ងៃនេះ វិស័យព្រះពុទ្ធសាសនា​មានភាពរីកចម្រើនជាលំដាប់ ហើយភាពរីកចម្រើនទាំងនេះ គឺកើតចេញពីទឹក​ចិត្ត​គោរពប្រតិបត្តិរបស់ប្អូនជាពុទ្ធសាសនិកខ្មែរ ព្រមទាំងការយកចិត្តទុកដាក់ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈការកសាង វត្តអារាម ផ្លូវថ្នល់ និងលើកកម្ពស់​សេដ្ឋ​កិច្ច​រស់នៅ ដើម្បីសម្រួលដល់គោរពបូជាក្នុងព្រះពុទ្ធសាសនារបស់បងប្អូន ប្រជាពលរដ្ឋយើង»

ជាមួយសមិទ្ធផលដែលជាចំណែកដ៏សំខាន់សម្រាប់ពង្រឹងដល់ខឿនព្រះពុទ្ធសាសនានេះ អ្នកឧកញ៉ា ទ្រី ភាព បានរំលឹកថា សមិទ្ធផលទាំងឡាយទាំងផ្នែកពុទ្ធ ចក្រ និងអាណាចក្រ គឺកើតចេញពីសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​របស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ អ្នកឧកញ៉ា បានលើកទឹកចិត្ត​ប្រជា​​ព​ល​​រដ្ឋគិតគូរ និងពិចារណាឱ្យបានល្អិតល្អន់ និងច្បាស់លាស់ចំពោះការ​បោះ​​ឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

អ្នកឧកញ៉ា ក៏បានអំពាវនាវប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវ​ឌ្ឍ​ជា​តិឱ្យកាន់តែរីកចម្រើនជាបន្តទៀត។

សមិទ្ធផលតាមទីអារាម គឺជាបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ព្រះចៅអធិការ លោកយាយលោកតា និងប្រជាពលរដ្ឋដែលគោរពប្រតិបត្តិយ៉ាង​ខ្ជាប់ខ្ជួនលើ​មាគ៌ា​ព្រះពុទ្ធសាសនា។ ​ព្រះចៅអធិការវត្ត ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តទេពបុរី បានសម្តែងការត្រេកអរ និងរីករាយឥតឧបមា​ចំពោះសមិទ្ធផលទាំងឡាយ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង។ ព្រះចៅអធិការ ព្រះសង្ឃ លោកយាយលោកតា និងប្រជាពុទ្ធបរិស័ទ បានប្ដេជ្ញារួមគ្នាថែរក្សាសុខសន្តិភាព រក្សាសមិទ្ធផលទាំងឡាយ ជាមួយរាជរដ្ឋា​ភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ។

សូមបញ្ជាក់ថា នៅពិធីសម្ពោធសមិទ្ធផលនៅវត្តទេពបុរីនាព្រឹកមិញនេះ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ាជាភរិយា ក៏បាននាំយកបច្ច័យរបស់ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រមាណ ១០ម៉ឺនដុល្លារអាមេរិក ដើម្បីទុកកសាងសមិទ្ធផលក្នុងវត្តទេពបុរីជាបន្តទៀត។ អ្នកឧកញ៉ា ក៏បាននាំយកទេយ្យទាន បច្ច័យមួយចំនួនផ្សេងទៀតប្រគេនព្រះសង្ឃ និងថវិកាជូនតាអាចារ្យ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួម ព្រមទាំងស្ថាប័នមួយចំនួនទៀត​ ក៏ដូចជាការចំណាយផ្សេងៗ អស់ថវិកាសរុបប្រមាណ ៣០០លានរៀល៕