(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់មន្ទីរពេទ្យ និងគ្លីនិក ឬមជ្ឈមណ្ឌលវេជ្ជសាស្រ្តឯកជននានា ដែលបានទទួលការអនុញ្ញាតឱ្យដំណើរការនៅកម្ពុជា ត្រូវបន្តការយកចិត្តទុកដាក់ឱ្យបានជាអតិបរមា រៀបចំដោយយកចិត្តទុកដាក់តាមក្បួនខ្នាតទាំងផ្នែកបច្ចេកទេស វេជ្ជសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះបណ្ដាលធនធានការប្រើប្រាស់ប្រព័ន្ធឌីជីថល ការងារគ្រប់គ្រង និងការថែទាំប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ត្រឹមត្រូវ។
លោកស្រីបន្តថា ការធ្វើបែបនេះ ដើម្បីធានានូវការផ្តល់សេវារបស់ខ្លួននឹងទទួលបាននូវគុណ ភាព និងសុវត្ថិភាព ស្របតាមស្តង់ដារអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន ដែលទើបតែត្រូវបានដាក់ ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៣ ដល់ ២០៣០។
ការថ្លែងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលវជ្ជសាស្តសាន់រ៉ាយស៍សែនសុខ កាលពីដើមសប្ដាហ៍នេះ នៅផ្សារទំនើបអ៊ីអនម៉ល។
លោកស្រីវេជ្ជបណ្ឌិតបានបន្ដថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងពង្រឹង និងកែលំអប្រព័ន្ធសុខាភិបាលបន្ថែម ដើម្បីបំពេញតម្រូវការសេវាពិនិត្យ និងព្យាបាលជូនដល់ប្រជាជនឱ្យបានទាន់ពេលវេលា មានបច្ចេកទេសកាន់តែទំនើបស្របតាមការវិវត្តនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ ក្នុងបរិបទសុខាភិបាលឌីជីថល ជំរុញការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏បានអនុញ្ញាតិ ឱ្យមានការបង្កើតមន្ទីរពេទ្យ ឬគ្លីនិក ឬមជ្ឈមណ្ឌលវេជ្ជសាស្រ្តឯកជនទំនើបៗ ដើម្បីបំពេញសេចក្តីត្រូវការផ្នែកសេវាសុខាភិបាល ចូលរួមកាត់បន្ថយនូវការស្វែងរកសេវាសុខាភិបាលនៅក្រៅប្រទេស ដែលមានបន្ទុកចំណាយខ្ពស់សម្រាប់ ពលរដ្ឋកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា «មូលដ្ឋានសុខាភិបាលឯកជន នៅតែជាដៃគូអភិវឌ្ឍសុខាភិបាល ដែលស្ថិតនៅក្នុងប្រព័ន្ធសុខាភិបាល ដែលតម្រូវឱ្យមានការពង្រឹងគុណភាពសេវា និងត្រូវតែផ្តល់សេវាដែលមានគុណភាព និងសុវត្ថិភាពជូនប្រជាជន នៅកម្ពុជាដោយមិនគិតពីជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ»។
ក្នុងនាមក្រសួងសុខាភិបាល លោកស្រីសង្ឃឹមថា «វត្តមានរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់រ៉ាយស៍សែនសុខនាពេលនេះ និងតទៅអនាគតនឹងធ្វើឱ្យការផ្ដល់សេវាសុខាភិបាលនៅកម្ពុជាកាន់តែល្អប្រសើរឡើង និងបង្កភាពភាពងាយស្រួល មានប្រសិទ្ធភាពខ្ពស់ និងទទួលបានទំនុកចិត្តពីប្រជាជន ហើយក៏នឹងអាចជួយជំរុញឱ្យវិស័យសុខាភិបាលនៅកម្ពុជា កាន់តែរីកចំរើនទៅមុខ ដើម្បីជាប្រយោជន៍រួមដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា»។
លោក កាម៉ាតៈ ខយ៉ា (Kamata Keiya) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិមន្ទីរពេទ្យ សាន់រ៉ាយស៍ភ្នំពេញ បានថ្លែងថា មន្ទីរពេទ្យ Sunrise បានបើកដំណើរការនៅឆ្នាំ២០១៦ ឥឡូវនេះជាឆ្នាំទី៧នៃប្រតិបត្តិការរបស់ខ្លួន។ នៅពេលនេះបានបង្កើតមជ្ឈមណ្ឌលពិនិត្យសុខភាព នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ដើម្បីផ្តល់សេវាសុខភាពកាន់តែទំនើប ងាយស្រួល ប្រកបដោយគុណភាព និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ។
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រសាន់រ៉ាយស៍សែនសុខ មានសេវាកម្មដូចជា៖ ផ្នែកពិនិត្យសុខភាព ផ្នែកជំងឺទូទៅ ផ្នែកថែទាំបន្ទាន់ និងវះកាត់ខ្នាតតូច ការពិនិត្យ រោគវិនិច្ឆ័យ៖ រូបភាពវេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍ ការចាក់ថ្នាំបង្ការជាដើម។ ចាប់តាំងពីឆ្នាំ២០១៦មក មន្ទីរពេទ្យ Sunrise Japan Phnom Penh បានប្តេជ្ញាបម្រើប្រជាជនកម្ពុជា តាមរយៈការផ្តល់សេវាវេជ្ជសាស្រ្តលំដាប់ពិភពលោក។ ក្នុងរយៈពេល ៧ឆ្នាំ នៃប្រតិបត្តិការបានផ្តល់សេវាពិនិត្យសុខភាពច្រើនជាង ២៥,០០០នាក់រៀងរាល់ឆ្នាំ។
វេជ្ជបណ្ឌិត ហុង ឆាយ នាយកគ្រប់គ្រងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រសាន់រ៉ាយស៍សែនសុខ បានឱ្យដឹងផងដែរថា «បេសកកម្មរបស់យើងសម្រាប់មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ Sunrise គឺដើម្បីធានាថាប្រជាជនកម្ពុជាទាំងអស់ អាចទទួលបានសេវាវេជ្ជសាស្រ្ដល្អបំផុត ត្រឹមតែមួយជំហានប៉ុណ្ណោះពីផ្ទះ»។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា មជ្ឈមណ្ឌលថ្មីនេះ គឺជាគ្លីនិកទំនើបបំផុតដែលមានគោលបំណងពន្លឿន ការផ្តល់ការពិនិត្យសុខភាព បង្ការជាមួយនឹងជម្រើសពិនិត្យសុខភាពជាច្រើន។ ពិសេសនឹងណែនាំមនុស្សក្នុងការសម្រេចចិត្តដោយឈ្លាសវៃតាមតម្រូវការសុខភាពរបស់ពួកគេ។ ការផ្តួចផ្តើមគំនិតនេះ គឺដើម្បីការពារជីវិត និងធ្វើឱ្យមានសុខភាពល្អសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដែលរស់នៅកម្ពុជា។ ប្រជាជននឹងឆ្លងកាត់បទពិសោធន៍ថែទាំសុខភាព ដ៏ធំទូលាយ ជាមួយនឹងតម្លៃសមរម្យ និងបរិយាកាសប្រកបដោយផាសុកភាព។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់រ៉ាយ ប្តេជ្ញាផ្តល់សេវាកម្មល្អបំផុត ដើម្បីបំពេញចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈចំណុចសំខាន់ៗចំនួន ៤៖១- តម្លៃសមរម្យ,២-សេវាកម្មរហ័ស ៣-គុណភាពខ្ពស់និងទី៤- ផាសុកភាព។
សូមជម្រាបថា នៅក្នុងពិធីសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលវជ្ជសាស្តសាន់រ៉ាយស៍សែនសុខនេះ មានការអញ្ជើញចូលរួមពីលោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី (Atsushi Ueno) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរដ្ឋាភិបាលជប៉ុនប្រចាំកម្ពុជា លោក សានុយ កាហ្ស៊ីម៉ាសា (Sanui Kazumasa) ប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា លោក កាម៉ាតៈ ខយ៉ា (Kamata Keiya) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិមន្ទីរពេទ្យ សាន់រ៉ាយស៍ភ្នំពេញ លោក Tsuboya, នាយកផ្សារទំនើប AEON Mall សែនសុខ៕