(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានអះអាងថា ឱសថ GUAIFENESIN SYRUP TG SYRUP ដែលមានផ្ទុកសារធាតុគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្ដង់ដារនោះ ពុំមានចរាចរនៅក្នុងប្រទេសកម្ពុជាឡើយ ហើយក៏ពុំមានចុះបញ្ញិកាឱសថនៅក្រសួងសុខាភិបាលនោះដែរ។
ការចេញមកបញ្ជាក់បែបនេះរបស់ក្រសួងសុខាភិបាល ក្រោយព័ត៌មានអន្តរជាតិ SWARAJYA បានចុះផ្សាយថា អាជ្ញាធរឱសថ និងចំណីអាហារ រដ្ឋ Punjab របស់ប្រទេសឥណ្ឌា បានប្រមូលសំណាក ឱសថ GUAIFENSIN SYRUP TG SYRUP ដែលបាននាំចូលមកកម្ពុជា មានផ្ទុកសារធាតុគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានអះអាងថា តាមរយៈនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានធ្វើការស្រាវជ្រាវភ្លាមៗ តែមិនមានភស្តុតាងណាដែលបញ្ជាក់ថា ឱសថនេះមានចរាចរក្នុងកម្ពុជាឡើយ និងឱសថនេះពុំមានចុះបញ្ញិកាឱសថ នៅក្រសួងសុខាភិបាលនោះឡើយ។
គួរជម្រាបថា យោងតាម RAPID ALERT SYSTEM លេខ 4/2023 របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានរកឃើញថាឱសថ GUAIFENSIN SYRUP TG SYRUP មានសារធាតុសកម្មឱសថ Guaifenesin 100mg/5mL ផលិតដោយរោងចក្រផលិតឱសថ QP PHARMACHEM LTD., India ដែលកំពុងចរាចរនៅប្រទេស Marshall Islands Federated States of Micronesia US Diethylene Glycol Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ ដែលក្បួនច្បាប់ឱសថ (Pharmacopoeia) បានអនុញ្ញាត។
តាមការបញ្ជាក់ពីអង្គការ សុខភាពពិភពលោកបានរកឃើញថា «សារធាតុគីមី Diethylene Glycol និងEthylene Glycolលើសកម្រិត បទដ្ឋានស្តង់ដារ អាចបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់អាយុជីវិត ព្រមទាំងមានផលរំខានធ្ងន់ធ្ងរ ដូចជា ឈឺពោះ ក្អួត រាក ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ដែលអាចបង្កឲ្យស្លាប់បាន»។
ក្នុងករណីប្រជាពលរដ្ឋបានប្រទះឃើញឱសថ GUAIFENSIN SYRUP TG SYRUP សូមប្រញាប់ផ្ដល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០៕