Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចយកដីកាទៅបិទជញ្ជាំងផ្ទះលោក កឹម សុខា ហាមមិនឲ្យចេញទៅក្រៅប្រទេស​ (Video Inside)

14-07-2016 11:03

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានយកដីកាថ្មីមួយទៀត ទៅបិទនៅជញ្ជាំងផ្ទះ របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយហាមមិនឲ្យលោក កឹម សុខា ធ្វើដំណើរចេញទៅក្រៅប្រទេសនោះឡើយ។ ក្នុងដីកា បានបញ្ជាក់ថា លោក កឹម សុខា កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត របស់សមត្ថកិច្ច។

យោងតាមដីកាចេញ ដោយចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លោក ថាន់ ឡេង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ហើយយកទៅបិទនៅជញ្ជាំងផ្ទះលោក កឹម សុខា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា លោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងការ ពិនិត្យពីបទ «បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ ជាបទល្មើស ដែលច្បាប់តម្រូវឲ្យផ្តន្ទាទោស ដាក់ពន្ធនាគារ។ ក្នុងដីកា បានបញ្ជាក់ទៀតថា លោក កឹម សុខា ត្រូវគោរពនូវកាតព្វកិច្ច ដោយមិនត្រូវចាកចេញ ក្រៅដែនដី នៃព្រះរាជាណាចក្រកម្ពុជា នោះឡើយ។

លោកចៅក្រមស៊ើបសួរ ថាន់ ឡេង បានបញ្ជាឲ្យភ្នាក់ងារ មានសមត្ថកិច្ច នៃកម្លាំងសាធារណៈអនុវត្ត ឲ្យបានសម្រេចតាមខ្លឹមសារ នៃដីកាសម្រេច នឹងត្រូវរាយការណ៍ ជូនចៅក្រមស៊ើបសួរ ក្នុងករណីជនត្រូវចោទ លោក កឹម សុខា មិនគោរពតាមដីការសម្រេច។

នៅក្នុងដីកា បានបន្ថែមថា ប្រសិនបើលោក កឹម សុខា គេចវេសដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឃុំខ្លួន ជនត្រូវចោទជាបណ្តោះអាសន្ន តាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា លោក កឹម សុខា បានរស់សម្ងំលាក់ខ្លួនពួនអាត្មា នៅក្នុងទីស្នាក់ការកណ្តាល គណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោមរណាំងការពាររបស់អ្នកគាំទ្រ អស់រយៈពេលជិត ២ខែមកហើយ។ លោក កឹម សុខា ព្យាយាមលាក់ខ្លួន ដើម្បីគេចពីការតាមចាប់ របស់សមត្ថកិច្ច បន្ទាប់ពីរូបលោកបានបដិសេធមិនចូលខ្លួន តាមការកោះហៅឲ្យចូលទៅបំភ្លឺ លើសំណុំរឿងសញ្ចារកម្ម ដែលប្តឹងដោយកញ្ញា ស្រីមុំ ដែលត្រូវគេអះអាងថា ជាអតីតគូកំណាន់ចិត្តរបស់លោក។

មានដីការជាច្រើនត្រូវបាន យកទៅបិទនៅផ្ទះរបស់លោក កឹម សុខា តែលោកនៅតែបន្តព្រងើយកន្តើយ ហើយក៏មិនដែលចូលទៅបំភ្លឺ តាមការកោះហៅរបស់ តុលាការម្តងណានោះដែរ៕