(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅភ្នំពេញ និងគម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូង ក្នុងខេត្តកោះកុង ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ក្រោមក្របខ័ណ្ឌឥណ្ឌទានសម្បទាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។
ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងវត្តមានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក យូអ៊ីណូ អាត់ស៊ូហ្សី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
លោក Sanui Socho ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន JICA ប្រចាំកម្ពុជា បានឲ្យដឹងថា ការរីកដុះដាលនៃហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងផ្តល់សេវាផ្សេងៗក្នុងរាជធានីភ្នំពេញ ក៏ដូចជាការ អភិវឌ្ឍន៍នៅក្នុងតំបន់ជនបទ ទាមទារជាបន្ទាន់នូវការកែលម្អអនុស្ថានីយ និងខ្សែបញ្ជូនអគ្គិសនី ដើម្បីបន្តផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព។
តាមរយៈគម្រោងជំនួយឥតសំណង ខ្សែបណ្តាញអគ្គិសនីតង់ស្យុងមធ្យម២២ គីឡូវ៉ុល ប្រវែង១២៦គីឡូម៉ែត្រ ត្រូវបានសាងសង់ ហើយត្រង់ស្វូរចែកចាយចំនួន២៦ត្រូវបានដំឡើង នៅក្រុងបាវិត ខេត្តកោះកុង និងក្រុងប៉ោយប៉ែត ដោយមានការរំពឹងទុកថាប្រជាពលរដ្ឋប្រមាណ ១លាន៥សែននាក់ ដែលរស់នៅក្នុងតំបន់នេះ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងមួយនេះ។ ចំណែកគម្រោងក្រោមជំនួយឥណទានសម្បទាន អនុស្ថានីយអគ្គិសនី ទំនើបក្នុងអាគារ ចំនួន២ក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់ រួមទាំងអនុស្ថានីយអគ្គិសនីទំនើបក្នុងអាគារ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក យូអ៊ីណូ អាត់ស៊ូហ្សី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការសប្បាយរីករាយ ដែលទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន បានរីកចម្រើនជាបន្តបន្ទាប់ តាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការជាច្រើន ជាស្តែងតាមរយៈការ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងទាំងពីនាថ្ងៃនេះ។
លោកសង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលគម្រោងបណ្តាញអគ្គីសនីទាំងពីរនេះ និងប្រើប្រាស់រឹងមាំគង់វង្សយូរអង្វែងច្រើនឆ្នាំ ដែលនិងបានផ្តល់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និងជំរុញដល់សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន បន្ថែមទៀត។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ដែលបានផ្តល់ឥណទាន សម្បទានចំនួន ៦៨៨០លានយេន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុនចំនួន ៨៩៣លានយ៉េន សម្រាប់ការអភិវឌ្ឍន៍គម្រោង ក្នុងវិស័យថាមពលនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធខ្សែបញ្ជូន និងអនុស្ថានីយអគ្គិសនី ដែលបានសាងសង់នៅក្នុងក្របខ័ណ្ឌគម្រោង ដែលបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ នឹងធ្វើឱ្យប្រព័ន្ធបណ្តាញបញ្ជូន អគ្គិសនីនៅភ្នំពេញ ក្លាយទៅជាប្រព័ន្ធបណ្តាញកងជួយពង្រឹងគ្នាទៅវិញទៅមក សម្រាប់ការបញ្ជូនថាមពលអគ្គិសនី ដែលនឹងជួយពង្រឹងការផ្គត់ផ្គង់ត្រូវមានគុណភាព ស្ថិរភាព និងនិរន្តរភាពទូទាំងប្រទេស។
សម្រាប់បណ្តាញចែកចាយអគ្គិសនី ក្នុងគម្រោងក៏បានធ្វើឱ្យការផ្គត់ផ្គង់ដល់តំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម នៅរាជធានីភ្នំពេញ និងនៅតាមបណ្តារបៀងសេដ្ឋកិច្ចនៃខេត្តទាំង៣ ឱ្យកាន់តែមានគុណភាព ស្ថិរភាព និងនិរន្តរភាព ឱ្យស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥៕