(ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីអនុវត្តប្រកាសអន្តរក្រសួងស្តីពី កាតព្វកិច្ចធានារ៉ាប់រងលើកទី២ ក្រោមការដឹកនាំរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួង អមដោយលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងជាអនុប្រធានក្រុមការងារអន្តរក្រសួង និងចូលរួមដោយសមាជិក សមាជិកានៃក្រុមការងារអន្ដរក្រសួង។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីសម្របសម្រួល និងជំរុញការអនុវត្តប្រកាសអន្តរក្រសួង ស្តីពីកាតព្វកិច្ចធានារ៉ាប់រង ដោយក្នុងនោះអង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ពាក់ព័ន្ធនឹងលទ្ធផលការងារបន្ទាប់ពីកិច្ចប្រជុំលើកទី១, បញ្ហាប្រឈម និងការងារបន្ដ, ផែនការសកម្មភាពការងាររបស់ក្រុមការងារអន្តរក្រសួង និងផ្សេងៗ។
បន្ទាប់ពីកិច្ចប្រជុំលើកទី១ ការងារមួយចំនួនត្រូវបានអនុវត្ត ដូចជាការរៀបចំសិក្ខាសាលា ដើម្បីបង្កើនការយល់ដឹងអំពីការធានារ៉ាប់រងជាកាតព្វកិច្ច សម្រាប់យានយន្តដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនអ្នកដំណើរនៅខេត្តកោះកុង នៅថ្ងៃទី២៧ ខែមករា គ.ស.២០២៣, ការបង្កើតជាក្រុមតេឡេក្រាម ដើម្បីសម្រួលដល់ទំនាក់ទំនង និងការចែករំលែកព័ត៌មាននិងទិន្នន័យ, ការរៀបចំសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល ៥ឆ្នាំ និងសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ គ.ស.២០២៣, និងការរៀបចំកិច្ចប្រជុំជាមួយនឹងសមាជិកក្រុមការងារដោយឡែកៗ នៅថ្ងៃទី១៣ ខែមីនា គ.ស.២០២៣។
អង្គប្រជុំបានកត់សម្គាល់ផងដែរ លើការលើកឡើងពីបញ្ហាប្រឈមចម្បងៗ ពាក់ព័ន្ធនឹងការអនុវត្ត កាតព្វកិច្ចធានារ៉ាប់រង សម្រាប់កំណត់ជាមូលដ្ឋាន ក្នុងការរៀបចំការងារបន្ត ដោយក្នុងនោះមានបញ្ហាប្រឈមមួយចំនួនដូចជា៖ តម្រូវការកិច្ចសហការរវាង តួអង្គពាក់ព័ន្ធពីបណ្តាក្រសួង-មន្ទីរ, ការឃាត់ទុកយានយន្តប្រកបអាជីវកម្មនិងការជំរុញតួនាទីរបស់ក្រុមហ៊ុនធានារ៉ាប់រង, នីតិវិធីនៃការទាមទារសំណង នៅពេលមានហានិភ័យកើតឡើង នៅមានភាពស្មុគស្មាញ និងចំណាយពេលវេលាយូរ, បញ្ហាទំនុកចិត្តក្នុងការប្រើប្រាស់ធានារ៉ាប់រង, ការដោះស្រាយបណ្តឹងតវ៉ារវាងអ្នកប្រើប្រាស់ និងក្រុមហ៊ុន, តម្រូវការធ្វើបច្ចុប្បន្នភាពលើបទប្បញ្ញត្តិ, ការយល់ដឹងរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងនៅមានកម្រិត, ក្រុមហ៊ុនធានារ៉ាប់រងពុំទាន់មានសាខា នៅគ្រប់បណ្ដាខេត្ត-ក្រុងនៅឡើយ។
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ អង្គប្រជុំបានសម្រេចដាក់ចេញនូវផែនការ សកម្មភាពការងារចម្បងៗមួយចំនួនដូចជា៖ រៀបចំឱ្យមានកិច្ចប្រជុំក្រុមការងារ អន្តរក្រសួងជាទៀងទាត់, រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យ បានកាន់តែទូលំទូលាយ, រៀបចំរបាយការណ៍វឌ្ឍនភាព ការងាររបស់ក្រុមការងារអន្តរក្រសួង, និងសម្របសម្រួលការធ្វើអធិការកិច្ច និងការចុះត្រួតពិនិត្យដល់ទីកន្លែង ដើម្បីពង្រឹងការអនុវត្តប្រកាសអន្តរក្រសួង៕