(ម៉ានីល)៖ ប្រទេសហ្វីលីពីន បានស្នើរដ្ឋាភិបាលទីក្រុងប៉េកាំង គោរពទៅតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ឡាអេ ទៅបញ្ហាសមុទ្រចិនខាងត្បូងដែលបានចេញកាលពីថ្ងៃទី១២ ខែកក្កដា ហើយទីក្រុងម៉ានីលក៏នឹងលើកបញ្ហានេះ ចំពោះមុខកិច្ចប្រជុំកំពូលថ្នាក់តំបន់ផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay ក៏បានប្រកាសថា លោកនឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល មួយរវាងតំបន់ អាស៊ី-អឺរ៉ុប ហៅកាត់ថា ASEM ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ សប្តាហ៍នេះ ហើយក្នុងនោះនាយករដ្ឋមន្ត្រី ចិនលោក Li Keqiang ក៏នឹងបង្ហាញវត្តមាន ផងដែរ។
ក្រសួងការបរទេសហ្វីលីពីបានបញ្ជាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ដូច្នេះថា «លោក Yasay នឹងជួបពិភាក្សាគ្នារវាងថ្នាក់ដឹកនាំនានា ទៅតាមរបៀបវារៈរបស់ ASEM ដែលនឹងមានការពិភាក្សាពីបញ្ហាសមុទ្រចិនខាងត្បូង តាមរយៈការសម្រេច របស់តុលាការអន្តរជាតិប្រកបដោយសន្តិភាព និងស្របច្បាប់ ហើយភាគីទាំងឡាយត្រូវកតព្វកិច្ចគោរពទៅ តាមការសម្រេចសេចក្តី កាលពីពេលថ្មីៗកន្លងទៅនេះ»។
គួរបញ្ជាក់ថា ការថ្លែងរបស់ហ្វីលីពីន ខាងលើនេះបានកើតមានឡើងរយៈពេលពីរថ្ងៃបន្ទាប់ពីសាលដីការបស់តុលាការ អន្តរជាតិចេញមក ហើយក៏ទទួលបានការរិះគន់ និងមិនទទួលស្គាល់ពីប្រទេសចិនផងដែរ។ ប្រទេសចិនបានប្រកាស ជាច្រើនលើកច្រើនសារថាខ្លួន មិនទទួលស្គាល់ការសម្រេចសេចក្តីរបៀបនេះឡើយ ហើយតុលាការនេះទៀតសោធ ក៏គ្មានយុត្តាធិការលើករណីសមុទ្រចិនខាងត្បូង រហូតដល់ថ្នាក់ធ្វើការកាត់ក្តីដ៏លំអៀងបែបនេះដែរ៕