(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងលោក Harrison White ស្ថាបនិក និងនាយកប្រតិបត្តិ នៃក្រុមហ៊ុនសារព័ត៌មាន Cambodia Investment Review Cambodia (CIR Media) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។
គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតកិច្ចសហការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនសារព័ត៌មាន CIR Media ក្នុងការបង្កើនការជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែម ក៏ដូចជាដើម្បីបញ្ជ្រាបការយល់ដឹង អំពីកិច្ចដំណើរការអភិវឌ្ឍន៍ វិស័យបរធនបាលកិច្ចនៅកម្ពុជា យន្តការបរធនបាលកិច្ច លក្ខខណ្ឌតម្រូវក្នុងការធ្វើប្រតិបត្តិការ បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផលប្រយោជន៍ ដែលអាចទាញយកចេញពីប្រតិបត្តិការបរធនបាលកិច្ច ការបង្កើតនិងបង្កើនទំនុកចិត្ត តាមរយៈការបង្កើតបរធនបាលកិច្ច ក្នុងធុរកិច្ចពាក់ព័ន្ធ និងក្នុងប្រតិបត្តិការររំហូរមូលធន ទៅគ្រប់វិស័យក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានការចូលរួមពីតំណាងនៃនិយ័តករក្រោមឱវាទ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដៃគូសហប្រតិបត្តិការរបស់ ន.ប.ធ. ក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្តបុគ្គល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច និងបុគ្គលពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។
សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាចំណងគតិយុត្តដែលក្នុងនោះ បរធនបាលទាយក (ម្ចាស់ទ្រព្យ) ប្រគល់ទ្រព្យរបស់ខ្លួនឱ្យបរធនបាល (អ្នកជំនាញវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណ) ឱ្យធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាព ឬថែរក្សាទុកជំនួស ដើម្បីជាប្រយោជន៍ដល់បរធនបាលទាយកវិញ ឬដល់ភាគីផ្សេងទៀត៕