(ព្រះសីហនុ)៖ នៅយប់រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពពីរករណីផ្ទួនៗគ្នា ដោយប្រើកាំបិតភ្ជង់ប្លន់យកម៉ូតូ និងទូរស័ព្ទពីប្រជាពលរដ្ឋ នៅចំណុចវិថីជំទាវម៉ៅ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពបានសម្រេច។
របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាព ដោយហៅម៉ូតូកង់បី (Pass App) មួយគ្រឿង ជិះចេញពីក្រោយស្ថាននីយ៍ប្រេង PTT ឃ្លាំងលើ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ លុះពេលដល់ចំណុចកើតហេតុស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលជាកន្លែងស្ងាត់ក៏ធ្វើសកម្មភាព ដោយច្របាច់កអ្នករត់ម៉ូតូកង់បី និងបានប្រើកាំបិតចុងស្រួច ភ្ជង់ប្លន់ យកបានទូរសព្ទដៃ១គ្រឿង ម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ ពីជនរងគ្រោះឈ្មោះ ខុម សុវណ្ណារ៉ា អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី (Pass App) ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់ បានរត់ចូលក្នុងរោងចាំចំការមួយកន្លែង ដែលនៅក្បែរកន្លែងកើតហេតុ រួចបានធ្វើសកម្មភាព កំហែងយក១ករណីបន្ថែមទៀត ដោយប្រើកាំបិតចុងស្រួច ភ្ជង់ប្លន់យកម៉ូតូ១គ្រឿង ម៉ាកស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ ពីជនរងគ្រោះដែលជាអ្នកចំការឈ្មោះ គង់ ណន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរចាំចំការ ស្នាក់នៅចំណុចកើតហេតុ។
បន្ទាប់ពីភ្ជង់ប្លន់យកម៉ូតូបានហើយ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោថា ចោរៗ ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋដែលនៅក្បែរៗនោះ កម្លាំងសមត្ថកិច្ចយើងបានដេញប្រផាត់ចាប់ប្រភីង ពេលនោះជនសង្ស័យក៏ផ្ដួលចោល រួចរត់គេចខ្លួនចូលក្នុងព្រៃ។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឡោមព័ទ្ធព្រៃដែលជនសង្ស័យរត់ចូលទៅលាក់ខ្លួន និងធ្វើការរុករករហូតដល់វេលាម៉ោង ១០៖០០នាទីព្រឹក ថ្ងៃដដែល ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់។
ជនសង្ស័យទាំង២នាក់ ទី១៖ឈ្មោះ ហ៊ុន សកល មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងទី២៖ឈ្មោះ ហ៊ុន ឆាយយ៉ា មានទីលំនៅ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកមាន៖ ទូរសព្ទដៃ១គ្រឿង ម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ (ផលនៃអំពើចោរកម្ម), ម៉ូតូ១គ្រឿង ម៉ាកស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម), កាំបិតចុងស្រួច ១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស), ទូរស័ព្ទដៃ ០១គ្រឿងម៉ាក VIVO ពណ៌ផ្ទៃមេឃ, អត្តសញ្ញាណប័ណ្ណ២សន្លឹក និងកាតធនាគារ១សន្លឹក។
ករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕