(ភ្នំពេញ)៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលសប្បុរសជនជួយតាមរយៈអាជ្ញាធរខណ្ឌ ត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងសប្បុរសជនដែលជាម្ចាស់អំណោយ ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត៣០០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ច្បារអំពៅ១ សង្កាត់ច្បារអំពៅ២ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
សកម្មភាពមនុស្សធម៌នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តពោធិ៍ព្រះបាទ ហៅវត្តច្បារអំពៅ ក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក ហ្គុយ ឆាយ និងលោកស្រី ព្រមទាំងមានការចូលរួមពីមន្ត្រីក្រុមការងារ រួមជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត មកពី៣សង្កាត់។
មានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនៅក្នុងពិធីនេះ លោកអភិបាលខណ្ឌ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
ថ្មីៗកម្ពុជាទទួល បានការកោតសសើរពីអង្គការសហប្រជាជាតិ ដែលជាអង្គការកំពូលរបស់ពិភពលោក ដោយទទួលស្គាល់ថាកម្ពុជា មានការរីកចម្រើនជឿនលឿនគួអោយកត់សំគាល់។ ក្នុងចំណោម១៩៣ប្រទេសដែលមានអាសនៈ នៅក្នុង អង្គការសហប្រជាជាតិ កម្ពុជាជាប់លេខរៀងទី១៤ជាប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចតេជោ។
លោកអភិបាលខណ្ឌបានបន្តថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសកល សូមបងប្អូនត្រៀមខ្លួនទៅបោះឲ្យបានគ្របៗគ្នា គាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីដឹកនាំ ប្រទេសជាតិយើងឲ្យមានការរីកចម្រើនថែមទៀត សូមកុំជឿតាមការឃោសនារបស់ពួកអគតិដែលដើរបំផុសបំផុល និយាយបំភ្លៃការពិតមដែលកម្ពុជា យើងមាន និងកំពុងតែទទួលបានការកោត សសើរគាំទ្រពីអន្តរជាតិ។
លោកអភិបាលថ្លែងសង្កត់ធ្ងន់ថា «យើងពិតជាមានមោទនៈភាពណាស់ ដែលប្រទេសជាតិយើង ទទួលបានសុខសន្តិភាព ដោយសាតែមានសន្តិភាពនេះហើយ ទើបប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ចាប់ពីពេលនេះតទៅ ក្រៅពីពាក្យថា អរគុណសន្តិភាព សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព ការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត»៕