(ភ្នំពេញ)៖ នៅថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០១៦ នេះ ក្រសួងធនធានទឹកនិង ឧតុនិយមបានបញ្ជាក់ថា ស្ថានីយឧតុនិយមស្វ័យប្រវត្តិ (Automatic Weather Station)ចំនួន ១៥ និង ស្ថានីយជលសាស្ត្រ(Automatic Hydro-met Station) ចំនួន ១៥ ទៀត កំពុងតែដំណើរតម្លើង នៅតាមបណ្តារាជធានីនិងខេត្តមួយចំនួន ហើយនឹងអាចរួចរាល់ជាស្ថាពរ នៅចុងឆ្នាំ២០១៦ ខាងមុខនេះ ។
ក្រសួងធនធានទឹកបន្តទៀតថា ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ដែលមាននាទីសម្រាប់ធ្វើការវាស់អាកាសាធាតុនៅកម្ពុជា រួមានចំនួន ១៥ ស្ថានីយននោះ កំពុងតែតម្លើងនៅតាមបណ្តារាជធានីខេត្តចំនួន ១៣ សម្រាប់ស្ថានីយជលសាស្រ្តស្វ័យប្រវត្តិមាននាទី សម្រាប់វាស់កម្ពស់ទឹកនោះ ត្រូវបានតម្លើងចំនួន ៤ខេត្តទៀតនោះ មាននៅក្នុងស្ទឹងជីនិត-តាំងក្រសាំង, ស្ទឹងសែន, ស្ទឹងស្ទោង, ស្ទឹងជីក្រែង និងស្ទឹងសង្កែ។
សូមរំលឹកផងដែរថា ស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ២០ ស្ថានីយ និងស្ថានីយជលសាស្រ្តស្វ័យប្រវត្តិចំនួន ១៥ ស្ថានីយ ដែលកំពុងដំណើរការ ជាប្រក្រតីនៅតាមបណ្តារាជធានីខេត្តមួយចំនួន រួចមកហើយ ។ ហេតុដូចច្នេះហើយ នៅចុងឆ្នាំ ២០១៦ ខាងមុខ ក្រសួងនឹងមានស្ថានីយឧតុនិយមស្វ័យប្រវត្តិ សរុបចំនួន ៣៥ ស្ថានីយ និង ស្ថានីយជលសាស្រ្តស្វ័យប្រវត្តិ ចំនួន ៣០ ស្ថានីយ បន្ថែមទៀត៕