(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបង្ក្រាប និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ដែលធ្វើសកម្មភាពលួចដោះដែកបង្គោលខ្សែភ្លើងអគ្គិសនីកម្ពុជា។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២៧ ខែមេសានេះថា ការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២៣ ម៉ោង៣៖៤០នាទីរសៀល ស្ថិតនៅចំណុច ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ ពេលជនសង្ស័យកំពុងធ្វើសកម្មភាព ឡើងដោះដែកបង្គោលអគ្គិសនីកម្ពុជា។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលធ្វើសកម្មភាពឡើងដោះដែកបង្គោលអគ្គិសនីកម្ពុជាហើយនោះ ក៏បានធ្វើការសួរនាំ និងស្រាវជ្រាវបន្តរកឃើញជនសង្ស័យជាប់ពាក់ព័ន្ធចំនួន ៥នាក់ថែមទៀត សរុបជនសង្ស័យដែលឃាត់ខ្លួនចំនួន ៧នាក់ ជាមួយនឹងវត្ថុតាងដែកបន្ទះបង្គោលភ្លើងអគ្គិសនីរបស់រដ្ឋចំនួន៦៦ដើម។

ជនសង្ស័យទាំង៧នាក់រួមមាន៖ ឈ្មោះស៊ុន​ តាំង​ ភេទប្រុស​ អាយុ២២ឆ្នាំ​, ឈ្មោះវ៉ាន់​ ចំរើន​ ភេទប្រុស​ អាយុ២៨ឆ្នាំ, ឈ្មោះសំ​ ប៊ុនរ៉ាត់​ ភេទប្រុស​ អាយុ២២ឆ្នាំ, ឈ្មោះម៉ី​ វត្តនា​ ភេទប្រុស​ អាយុ២១ឆ្នាំ, ​ឈ្មោះ មៀល​ គឹមសេង​ ភេទប្រុស​ អាយុ២៣ឆ្នាំ, ឈ្មោះ ផែង គឹមដុង ភេទស្រី អាយុ៣៤ឆ្នាំ និងឈ្មោះ ឡុង ឡេង ភេទប្រុសអាយុ ៣៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី។

ជាមួយគ្នានេះ សមត្ថកិច្ចអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំធ្វើសកម្មភាពដោះបំផ្លាញដែកបង្គោលខ្សែអគ្គិសនីដែលជាសម្បត្តិរដ្ឋ អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតផង និងអាចមានទោសទណ្ឌដូចករណីខាងលើនេះ៕