(ឡុងដ៍)៖ លោក Boris Johnson អតីតអភិបាលទីក្រុងឡុងដ៍ និងជារដ្ឋមន្ត្រីការបរទេសអង់គ្លេសថ្មី ក្រោយលោក Devid Cameron លាលែងពីតំណែងនិងប្រគល់តួនាទីធ្ងន់ដូចភ្នំឲ្យលោកស្រី Theresa May នោះបានថ្លែងរិះគន់ ដោយប្រយោលតែម្តងទៅលើប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា, បេក្ខភាពប្រធានាធិបតីតំណាងគណបក្ស ប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីតុន, និង បេក្ខភាពប្រធានាធិបតីតំណាងបក្សសាធារណលោក ដូណាល់ ត្រាំភ៍។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦។
តាមពិតលោក Boris Johnson គឺជាអ្នកដែលធ្លាប់បំផុសបំផុលឲ្យ អង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបខ្លាំងជាងគេ ហើយក៏ធ្លាប់ប្រកែកមិនព្រមឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសដែរ។ មិនចម្លែកអ្វីទេ ដែលលោកមានទំនោរ ជំទាស់នឹងសហរដ្ឋអាមេរិកនោះ ក៏ព្រោះតែសហរដ្ឋអាមេរិកមិនចង់ឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនោះឡើយ ដោយសារតែខ្លាចប៉ះពាល់ធ្ងន់ធ្ងរដល់ចំណងមិត្តភាពរវាងតំបន់អឺរ៉ុប ជាពិសេសបញ្ហាសេដ្ឋកិច្ច។
បន្ទាប់ពីលោក Boris Johnson ឡើងកាន់តំណែងបានមួយថ្ងៃនោះលោកបានព្រលយពាក្យរិះគន់ ទៅលើលោកស្រី ហ៊ីលឡារី គ្លីនតុន ថា«លក្ខណៈនៃសំបកក្រៅរបស់លោកស្រី គ្លីនតុន ដូចជាសក់, បបូរមាត់, និង កែវភ្នែកទាំងគូរ បានធ្វើឲ្យលោកស្រី មើលទៅដូចជាគិលានុបដ្ឋាយិកាមួយរូបដ៏ព្រៃផ្សៃនៅក្នុងមន្ទីរពេទ្យផ្លូវចិត្ត»។
បើទោះបីជាបានលើកឡើងនូវពាក្យរិះគន់បែបនេះក្តី ក៏លោកបានបញ្ចុះបញ្ចូលឲ្យពលរដ្ឋអាមេរិកទាំងអស់ បើស្រឡាញ់ ប្រទេសជាតិរបស់ខ្លួន គឺដល់ពេលហើយសម្រាប់ការគាំទ្រលោកស្រី គ្លីនតុន មិនមែនដើម្បីបំពេញតាមមហិច្ឆិតារបស់ ស្ត្រីម្នាក់នេះទេ ប៉ុន្តែលោកស្រីប្រាកដជាអាចដើរតាមគន្លងលោក Bill Clinton ដែលជាស្វាមី ហើយប្រសិនបើលោក Bill អាចផ្តល់ប្រឹក្សាដល់លោកស្រី ហ៊ីលឡារី មែននោះ មេដឹកនាំជាស្ត្រីថ្មីនេះ ពិតជាអាចដោះស្រាយវិបត្តិសកលលោកបាន៕