(ហ្សាការតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួប សំណេះសំណាលជាមួយមន្ត្រីវ័យក្មេងចំនួន ១២រូប មកពីតំណាងសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាននៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

និស្សិនទាំងនេះកំពុងកម្មសិក្សារយៈពេល ១២ខែ នៅលេខាធិការដ្ឋានអាស៊ាន ក្រោមកម្មវិធីកម្មសិក្សានៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដែលឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជំរុញឲ្យមន្ត្រីទាំង ១២រូប ខិតខំយកចិត្តទុកដាក់ បង្កើនចំណេះដឹង និងការយល់ដឹងអំពីអាស៊ានឲ្យកាន់តែជ្រៅជ្រះ ដើម្បីយកទៅប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួនវិញ នៅពេលបញ្ចប់កម្មវិធីនេះ។ គិតត្រឹមខែមេសា ឆ្នាំ២០២៣ កម្មវិធីនេះបានបណ្តុះបណ្តាលមន្ត្រីចំនួន ៩៩នាក់ហើយ មកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ 

នៅព្រឹកថ្ងៃដដែលនោះ ក៏មានជំនួបមួយទៀត គឺលោកស្រី ហេស៊ីលីន គីនតាណា តំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំអាស៊ាន ក៏បានប្រគល់លិខិតុបករណ៍ច្បាប់ដើមនៃការផ្តល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជូនលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលជាអ្នកតម្កល់ឯកសារកិច្ចព្រមព្រៀង RCEP។

សូមជម្រាបជូនថា កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានសម្រាប់ប្រទេសហ្វីលីពីននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣៕