(ភ្នំពេញ)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងមួយថ្ងៃជាមធ្យមខេត្តស្វាយរៀង រកចំណូលពន្ធគយ ដែលប្រមូលបាននៅតាមច្រកទ្វារព្រំដែន មានជាមធ្យម ១.២លានដុល្លារ ឬប្រហាក់ប្រហែល ៣៦លានដុល្លារ ក្នុងមួយខែ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្វាយរៀង» លោក ម៉ែន វិបុល បានអះអាងថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ខេត្តស្វាយរៀង ប្រមូលចំណូលពន្ធគយ បានប្រមាណ៤០០លានដុល្លារ កើនឡើង២៣ភាគរយ បើធៀបឆ្នាំ២០២១។

អភិបាលខេត្តស្វាយរៀង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២២នេះ ចំណូលពន្ធគយ មានប្រមាណ៤០០លានដុល្លារ កើនឡើង២៣ភាគរយ បើប្រៀបធៀបឆ្នាំ២០២១។ ផ្អែកតាមតួលេខនេះ គិតជាមធ្យមចំណូលជាតិប្រហាក់ប្រហែល៣៦លានដុល្លារ ក្នុងមួយខែ បើគិតជាថ្ងៃប្រហែល១លាន២សែនដុល្លារក្នុងមួយថ្ងៃ»

គួរជម្រាបថា ខេត្តស្វាយរៀង មានច្រកទ្វារព្រំដែនចំនួន៨កន្លែង រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិ២កន្លែង, ច្រកទ្វារព្រំដែនទ្វេភាគី ២កន្លែង និងច្រកទ្វារតំបន់ព្រំដែន ៤កន្លែង និងមានកំពង់ផែ១កន្លែង ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម កសិផលផ្សេងៗ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្ដរជាតិ។

លោក ម៉ែន វិបុល ក៏បានគូសបញ្ជាក់ដែរថា ចំពោះទំហំសេដ្ឋកិច្ច (GDP) ខេត្តស្វាយរៀង មានចំនួន១,០៩៤,៦១៦,៩២៥ដុល្លារ បើប្រៀបធៀននឹងឆ្នាំ២០២១ បានបង្ហាញថា ខេត្ដស្វាយរៀង មានកំណើនសេដ្ឋកិច្ច ៥.៦% ក្នុងនោះបានចូលរួមចំណែកពីវិស័យកសិកម្ម ប្រមាណជា៤៣.៧៦% វិស័យឧស្សាហកម្ម ប្រមាណជា៣៨.១២% និងវិស័យសេវាកម្ម ប្រមាណជា១៨.១២%។ ចំណូលសម្រាប់មនុស្សម្នាក់ មានប្រមាណ១,៥៩៥ដុល្លារអាមេរិក កើនឡើង២៦៧ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៨៕