រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះចែកពូជស្រូវផ្ការំដួល ១០តោន ជូនដល់កសិករខេត្តកំពង់ឆ្នាំង
14-07-2016 09:40
(កំពង់ឆ្នាំង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកស្រូវពូជផ្ការំដួលចំនួន ១០តោន ទៅជូនប្រជាកសិករ នៅស្រុកសាមគ្គីមានជ័យ និងស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីបង្កបង្កើនផល នៅក្នុងរដូវវស្សាឆ្នាំនេះ។
ជាមួយនិងការប្រគល់ស្រូវពូជ លោក វេង សាខុន បានផ្តាំផ្ញើទៅដល់ប្រជាកសិករឲ្យខិតខំធ្វើការដាំដុះ ទៅតាមបទដ្ឋានបច្ចេកទេស ដោយធ្វើការភ្ជួររាស់ដីឲ្យបានច្រើនសារ ដើម្បីឲ្យដីផុសល្អអំណោយផលការលូតលាស់របស់ស្រូវ ជាពិសេសធ្វើឲ្យស្មៅងាប់មិនដុះបោកស្រូវ។
ក្រៅពីការផ្តាំផ្ញើក្នុងការធ្វើដីឲ្យបានល្អហើយនោះ លោក វេង សាខុន ក៏បានផ្តាំផ្ញើផងដែរថា នៅស្រូវលូតលាស់ហើយប្រជាកសិករ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ ដោយមិនត្រូវទុកស្រូវចោល ដោយមិនទៅមើលថែទាំង ទុកឲ្យដង្កូវស៊ី ឬ ស្មៅបោកងាប់នោះទេ។
លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋក្រៅពីការធ្វើស្រែ ត្រូវចេះដាំដំណាំរួមផ្សំ ក៏ដូចជាចិញ្ចឹមសត្វជាដើម ដែលការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ សុទ្ធតែអាចយកទៅលក់បានប្រាក់កម្រៃ យកមកទ្រទ្រង់ជីវភាពដូចគ្នា។
សូមបញ្ជាក់ថា ប្រជាកសិករនៅក្នុងស្រុកសាមគ្គីមានជ័យ និងស្រុករលៀប្អៀរ មកដល់ពេលនេះមិនទាន់បានបង្កបង្កើនផលនៅឡើយទេ ដោយសារស្រុកទាំងពីរនេះ បន្តជួបគ្រោះរាំងស្ងួតមិនទាន់មានទឹកភ្លៀង សម្រាប់បង្កបង្កើនផលនោះទេ៕