(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានចុះធ្វើការសម្របសម្រួល និងដោះស្រាយបញ្ចប់ដោយជោគជ័យ ក្នុងជម្លោះការងាររវាងកម្មករកម្មការិនីជាង១០០នាក់ ដែលមានការតវ៉ាទាមទារប្រាក់ពលកម្មបន្ថែម ពីក្រុមហ៊ុនចិញ្ចឹមស្វានាំចេញ វ៉ាន់នី បាយអូ រីស៊ើច ខេមបូឌា (Vanny Bio Reserch Cambodia)។
ក្នុងដំណោះស្រាយនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ធ្វើឡើងនៅបរិវេណក្រុមហ៊ុន ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ឯម ប៊ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ លោក លោកស្រីមន្ទីរជំនាញ តំណាងក្រុមហ៊ុន ព្រមទាំងអាជ្ញាធរក្រុង-ស្រុក ជាច្រើនអ្នកផងដែរ។
បើតាមការឲ្យដឹងពីកម្មការិនីម្នាក់ ក្នុងចំណោមកម្មករកម្មការិនីជាច្រើននាក់ បានលើកឡើងថា សព្វថ្ងៃពួកគាត់បានទទួលប្រាក់ខែគោល និងប្រាក់ឧបត្ថម្ភពីក្រុមហ៊ុន ក្នុងម្នាក់ត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ គឺមិនអាចឲ្យពួកគាត់រស់នៅសមរម្យ និងមានទឹកចិត្តក្នុងការធ្វើការជូនបានឡើយ។ ជាមួយគ្នានោះ ពួកគាត់បានស្រុះស្រួលគ្នាទាមទារប្រាក់បន្ថែម យ៉ាងហោចណាស់ ២០ដុល្លារ ក្នុងមួយនាក់។
ថ្លែងទៅកាន់កម្មករកម្មការិនីនាឱកាសនោះ លោក ម៉ៅ ធនិន បានសម្តែងទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាក្រុមគ្រួសារតែមួយ។
លោកបានសំណូមពរ ទៅដល់តំណាងក្រុមហ៊ុនត្រូវបើកចិត្តឲ្យទូលាយ ថាអាចផ្តល់លទ្ធភាពកម្រិតណាមួយជាក់លាក់ ដើម្បីសម្រួលទៅដល់ជីវភាពរស់នៅរបស់បងប្អូនយើង ហើយបើជាក្រុមហ៊ុនដំណើរការ ទៅបានក៏ត្រូវការពួកគាត់ បើគ្មានកម្លាំងពួកគាត់ក៏ក្រុមហ៊ុនមិនអាចដំណើរការបានដែរ។ ភ្លាមនោះតំណាងក្រុមហ៊ុនក៏បានសម្រេច ឯកភាពផ្តល់ជូនប្រាក់ពលកម្មបន្ថែម ១៦ដុល្លារ ខែ/នាក់ ដោយចាប់ផ្តើមគិតរំលឹងពីខែមេសា ឆ្នាំ២០១៦តទៅ។
លោកអភិបាលខេត្តក៏បានផ្តាំផ្ញើទៅដល់បងប្អូនកម្មករកម្មការិនី ត្រូវរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសកុំជឿលើអ្នកដទៃ ត្រូវចាត់ទុកគ្នាជាបងជាប្អូនដូចជាក្រុមគ្រួសារតែមួយ។ ត្រូវថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរយើងដ៏ល្អផូផង់ កុំឲ្យបរទេសឈ្លានពាន និងវាយតម្លៃបានឡើយ។
សូមបញ្ជាក់ថា ការតវ៉ាប្រឈមមុខដោយអហឹង្សា រវាងកម្មករកម្មការិនី ជាមួយតំណាងក្រុមហ៊ុនចិញ្ចឹមស្វា គឺកើតឡើងចាប់តាំងពីថ្ងៃទី១១ ខែកក្កដាមកម្ល៉េះ ហើយក្រុមការងាររបស់អាជ្ញាធរខេត្ត ក្រុង-ស្រុក បានចុះមកមកសម្របសម្រួលរហូត ទើបតែនារសៀលថ្ងៃទី១៣ លោក ម៉ៅ ធនិន បានចុះមកដោយផ្ទាល់ ហើយទទួលបានលទ្ធផលជាផ្លែផ្កា៕