(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុនឯកជន អង្គការជាតិ និងអន្តរជាតិ។

ក្រសួង នឹងរៀបចំដាក់តាំងបង្ហាញស្នាដៃសិស្ស និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងផ្នែកពាក់ព័ន្ធនានា ជាពិសេស ក្នុងថ្ងៃបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣នេះ នឹងទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់នាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានអាសយដ្ឋានផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមរយៈលេខទូរសព្ទ ០១៧ ៧៤៧ ៧៧៣/០៩៨ ៩៨៧ ៧៧៩/០៦១ ៧៧៧ ៦៣៧ ឬអ៊ីមែល៖ [email protected]/kimravuth@gmail.com៕