បញ្ជូនជនជាតិចិន ២នាក់ ទៅតុលាការ ក្រោយបង្ក្រាបបាន និងដកហូតថ្នាំញៀនជាង៣គីឡូក្រាម
27-04-2023 13:57
(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿញៀន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជូនជនជាតិចិន២នាក់ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត ក្រោយចាប់ខ្លួនដោយដកហូតថ្នាំញៀន ជាង៣គីឡូក្រាម។
ការបង្ក្រាបករណីជួញដូរគ្រឿងញៀន បានធ្វើឡើងពីរគោលដៅផ្សេងគ្នា គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនជាតិចិន២នាក់ និងថ្នាំញៀនជាង ៣គីឡូក្រាម។
មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយឧត្ដមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលដឹកនាំពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារងខេត្តព្រះសីហនុ បានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅ២ទីតាំង ដែលទីតាំងទី១ នៅស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងទី២ នៅខុនដូស្តាបេ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ជនសង្ស័យជនជាតិចិនទាំង២នាក់ ដែលឃាត់ខ្លួនបានមាន ១៖ ឈ្មោះ Wang Xiao Feng និង២៖ ឈ្មោះ He Jin Hao ភេទប្រុស។ ចំណែកសារធាតុញៀនដែលដកហូតបានមាន៖ MDMA ទម្ងន់២៨៣៤ក្រាម, ខេតាមីន ទម្ងន់៧៧៦ក្រាម និង ម៉េតំហ្វេតាមីន ទម្ងន់១.៨០ក្រាម។ សរុបទម្ងន់ ៣គីឡូក្រាម ៦១១ក្រាម។
សូមជម្រាបថា រយៈពេលចុងក្រោយនេះ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរ បានខិតខំបំពេញការងារជំនាញរបស់ខ្លួនយ៉ាងសកម្ម បង្ក្រាបបាននូវករណីជួញដូរគ្រឿងញៀនធំៗជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលជំរុញឲ្យកម្លាំងជំនាញ ខិតខំប្រឹងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យអស់ ពិសេសបទល្មើសធំៗ៕