(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានបើកកិច្ចប្រជុំសកម្មភាពគិតទុកជាមុន ដែលមានការសម្របសម្រួលមកពីសហព័ន្ឋអន្តរជាតិ ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាកាលពីដើមសប្តាហ៍នេះ។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, អ្នកនាង Lilley Megan ប្រតិភូកាកបាទក្រហមហ្វាំងឡង់ មន្ត្រីទីស្នាក់ការកណ្តាល និងការចូលរួមពីសាខាគោលដៅចំនួន៤ សរុបចំនួន៣០នាក់។
លោកស្រីអគ្គលេខាធិការ កិច្ចប្រជុំស្តីពីសកម្មភាពគិតទុកជាមុននេះ ជាដំណោះស្រាយគន្លឹះ ដើម្បីឆ្លើយតបគ្រោះមហន្តរាយនាពេលអនាគត តាមរយៈបង្កើនការយល់ដឹងកាន់តែប្រសើរឡើងនូវនិន្នាការ និង ព័ត៌មានហានិភ័យសម្រាប់គ្រោះមហន្តរាយរយៈពេលខ្លី ដែលប្រាប់ឱ្យដឹងជាមុនការបន្ស៊ាំរយៈពេលវែង។
លោកស្រីបានបន្ថែមទៀតថា សកម្មភាពគិតទុកជាមុន មានសសរស្តមសកម្មភាពទាំង ៧ រួមមាន៖ ទី១ ធនធានមនុស្ស, ទី២ អភិក្រម គោលការណ៍ណែនាំ និងឧបករណ៍, ទី៣ ការពង្រឹងសមត្ថភាព, ទី៤ ការគាំទ្របច្ចេកទេស, ទី៥ ហិរញ្ញវត្ថុ, ទី៦ ភស្តុតាង ចំណេះដឹងគ្រប់គ្រង និងការផ្លាស់ប្តូរ, និងទី៧ គោលនយោបាយ និងការស៊ូមតិ។
ក្នុងឳកាសនោះ លោកស្រីបានថ្លែងអំណរគុណចំពោះអ្នកសម្របសម្រួលប្រតិភូ សហព័ន្ឋអន្តរជាតិ និង អ្នកនាង Lilley Megan ដែលមានចំណាយពេលវេលាដ៏មានតម្លៃក្នុងការធ្វើបទបង្ហាញជូនដល់មន្រ្តីកាកបាទក្រហមកម្ពុជា។ លោកស្រីក៏សង្ឃឹមជឿជាក់ ថាក្រោយពីកិច្ចប្រជុំនេះមន្រ្តីកាកបាទក្រហមកម្ពុជាទាំងស្នាក់ការកណ្តាល និងសាខាគោលដៅទាំង៤ នឹងយកចំណេះដឹង និងជំនាញក្នុងការរួមចំណែកក្នុងការ អនុវត្តសកម្មភាពគិតទុកជាមុន នៅតាមមូលដ្ឋានរបស់ខ្លួនក្នុងការឆ្លើយតបជួយជនរងគ្រោះទាន់ពេលវេលា និងមានប្រសិទ្ឋភាព៕