Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជា ទទួលអំណោយពីសប្បុរសជនជាបន្ដបន្ទាប់ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ (Video inside)

27-04-2023 12:37

(ភ្នំពេញ)៖ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ មានសប្បុរសជន ជាបន្តបន្ទាប់ បាននាំយកថវិកាសប្បុរសធម៌ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សមាគមជាតិមួយនេះ ឲ្យមាននិរន្តភាព ក្នុងការបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ។

នៅក្នុងសប្ដាហ៍នេះ នៃចុងខែមេសាឆ្នាំ ២០២៣នេះ មានសប្បុរសជនបាននាំយកថវិកាមួយចំនួន ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា ថវិកាដែលសប្បុរសជននាំមកក្នុងនោះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ឧបត្ថម្ភថវិកា ១០០លានរៀល, តំណាងលោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន ១,០០០ដុល្លារសហរដ្ឋអាមេរិក, តំណាងក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, តំណាងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងលោកស្រី សុខ លី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួង ឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារ, ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ឧបត្ថម្ភថវិកាចំនួន ៥លានរៀល។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត សប្បុរសធម៌របស់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងទិវា៨ឧសភា ដែលនេះគឺជាកាយវិការប្រកបដោយបេះដូងមនុស្សធម៌ និង វប្បធម៌នៃការចែករំលែកដ៏ប្រពៃថ្លៃថ្លា។

ជាមួនេះគ្នានេះ លោកស្រីបានបញ្ជាក់ទៀតថា ទោះបីមិនប្រារព្ធមិទ្ទីងអបអរសាទរក្តី តែកាកបាទក្រហមកម្ពុជា សូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា, ស្បៀងនិងសម្ភារៈនានា ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាព បំពេញបេសកកម្ម ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការចាំការជួយសង្គ្រោះ ពីកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានបរិច្ចាគថវិកា ស្បៀង និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា ហើយសង្ឃឹមថា នឹងមានសប្បុរសជនជាបន្តបន្ទាប់ទៀត នឹងចូលរួមបរិច្ចាគធនធាន ប្រកបដោយឆន្ទៈមោះមុត និងជ្រះថ្លា ជួយ កាកបាទក្រហមកម្ពុជា​ដោយស្ម័គ្រចិត្ត ដើម្បីឲ្យស្ថាប័នមនុស្សធម៌មួយនេះ កាន់តែទទួលបានជោគជ័យថែមមួយកំរិតទៀត ក្នុងបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះបំផុត៕