សម្តេចតេជោ ហ៊ុន សែន៖ ជុំវិញការផ្ទុះអាវុធនៅប្រទេសស៊ូដង់ និស្សិតខ្មែរ៦នាក់ត្រូវបានជម្រៀសចេញទៅកាន់អារ៉ាប៊ីសាអូឌីត (Video inside)
27-04-2023 12:31
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ជុំវិញការផ្ទុះអាវុធនៅប្រទេសស៊ូដង់ (ទ្វីបអាហ្វ្រិក) និស្សិតខ្មែរ៦នាក់ត្រូវបានជម្រៀសចេញពីរដ្ឋធានីខាទុំ (Khartoum) នៃប្រទេសនេះហើយ ខណៈបច្ចុប្បន្នកំពុងស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានជំនួយពីមន្ត្រីម៉ាឡេស៉ី។
ការបញ្ជាក់ដូច្នេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
គួរជម្រាបថា តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ការប្រយុទ្ធគ្នាក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងជាថ្មីនៅទីក្រុងអូមឌូម៉ាន់ (Omdurman) ក្បែររដ្ឋធានីខាទុំ នៃប្រទេសស៊ូដង់ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ថ្មីៗនេះ។
ឆ្លើយតបនឹងព្រឹត្តិការណ៍នេះ សម្ដេចតេជោ ហ៊ុន សែន មានការព្រួយបារម្ភចំពោះនិស្សិតកម្ពុជាដែលសិក្សានៅរដ្ឋធានីខាទុំនោះយ៉ាងខ្លាំង ក្រោយមកក៏ទទួលដំណឹងថា និស្សិតខ្មែរឥស្លាមដែលទៅសិក្សានៅទីនោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់តាមនាវាហើយ ឥឡូវនេះពួកគេកំពុងស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានជំនួយពីប្រទេសម៉ាឡេស៉ី។
សម្ដេចតេជោថ្លែងថា «តាមការជូនដំណឹងរបស់លោក អូស្មាន ហាសាន់ គឺបានបញ្ជាក់ថា និស្សិតទាំង៦នាក់នេះប្រហែលធ្វើដំណើរដល់សណ្ឋាគារហើយ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើដំណឹងនេះទៅដល់ក្រុមគ្រួសារនៃនិស្សិតខ្មែរឥស្លាមទាំង៦រូបនោះឱ្យបានជ្រាបថា កូនចៅរបស់ខ្លួនមានសុវត្ថិភាពហើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងមន្ត្រីនៃប្រទេសម៉ាឡេស៉ី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជា ដើម្បីជម្លៀសខ្លួនចេញពីទីតាំងមានការប៉ះទង្គិចគ្នានោះ ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងមន្ត្រីអារ៉ាប៊ីសាអូឌីត ដែលបានផ្ដល់ឱកាសសម្រាប់ការជ្រកកោនរយៈពេលខ្លីជូននិស្សិតកម្ពុជា។
គួរបញ្ជាក់ថា នៅប្រទេសស៊ូដង់ ចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងកាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានសម្លាប់មនុស្សកើនឡើងដល់៤៥៩នាក់ របួសជាង៤,០០០នាក់ ព្រមទាំងបំផ្លាញមន្ទីរពេទ្យ និងការចែកចាយស្បៀងអាហារមានកម្រិតនៅក្នុងប្រទេសដែលមានប្រជាជន៤៦លាននាក់ ហើយដែលមួយភាគបីនៃចំនួនប្រជាជនសរុបគឺពឹងផ្អែកលើជំនួយស្បៀងអាហារ៕