(មណ្ឌលគិរី)៖ ស្រ្តីម្នាក់ត្រូវអាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើការឃាត់ខ្លួនបញ្ជូន ទៅកាន់តុលាការហើយនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថា ជាមេខ្យល់បំផុសឲ្យប្រជាពលរដ្ឋ រាប់រយនាក់មកពីទីផ្សេងៗ មកបោះជុំរុំ នៅស្រុកកោះញែក ដើម្បីកាប់រុករានដីព្រៃ នៅក្នុងក្រុមហ៊ុនមួយ ដែលបានចុះបញ្ជីរួចហើយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
លោកស្រី រ៉ិត វណ្ណី ដែលសមត្ថកិច្ចបានឃាត់ខ្លួននេះ បន្ទាប់ពីគាត់បាន ប្រព្រឹត្តសកម្មភាព ប្រមូលប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗ រាប់រយនាក់ ជាច្រើនលើកច្រើនសារមកហើយ គឺនាំគ្នាមកបោះជំរុំ ក្នុងដីរបស់ក្រុមហ៊ុន ផេស៊ីហ្វិច ស្ថិតនៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មកកាប់ទន្រ្ទានព្រៃ យកដីរបស់ក្រុមហ៊ុន ដោយខុសច្បាប់អាចមានទំហំជាង១០០០ហិចតា។
លោក ប៊ុត សុភាព នាយកសន្តិសុខ បានឲ្យដឹងថា កាលពីដំបូងឈ្មោះ រ៉ិត វណ្ណី អាយុ៤២ឆ្នាំ បានមកជួលដីរបស់ក្រុមហ៊ុន ផេស៊ីហ្វិច ដើម្បីសង់តូបលក់ធម្មតា មានទាំងកិច្ចសន្យា ជាលាយលាក់អក្សរទៀតផង តែនៅពេលដែលគាត់បែកគំនិត បានប្រមូលគ្នីគ្នា មកលួចបោះជុំរុំក្នុងគោលបំណង កាប់រុករានទន្រ្ទានដីរបស់ក្រុមហ៊ុនខាងលើ ដែលបានចុះបញ្ជីរួចហើយ ទង្វើរបស់មេខ្លោងខាងលើនេះ បានដឹកនាំបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកបោះទីតាំងនៅទីនេះ ដើម្បីកាប់រុករានដីយកធ្វើជាកម្មសិទ្ធ ដោយពួកគេហាក់បីដូចមិនស្គាល់ពីច្បាប់ទំលាប់ឡើយ។
លោកនាយកសន្តិសុខនោះ បានបន្តថា លោកស្រី រ៉ិត វណ្ណី និងបក្សពួករបស់ខ្លួន លោកធ្លាប់បានធ្វើការណែនាំប្រាប់ពីផ្លូវច្បាប់ ជាច្រើនដង ឱ្យបញ្ឈប់សកម្មភាពនេះទៅ ព្រោះវាអាចប្រឈមនឹងច្បាប់ជាមិនខាន ប៉ុន្តែទោះបីមានការណែនាំ ពីក្រុមហ៊ុនយ៉ាងណាក៏ដោយ ក៏លោកស្រី និងបក្សពួកនៅតែបន្តសកម្មភាព មិនបានធ្វើតាមការណែនាំឡើយ។
លោក បន្ថែមថា ចុងក្រោយការហាមប្រាមពីក្រុមហ៊ុនលែងស្តាប់នោះ ទើបខាងក្រុមហ៊ុន សម្រេចដាក់ពាក្យប្តឹង មកកាន់អាជ្ញាធរខេត្តមណ្ឌលគិរី ឲ្យជួយចាត់វិធានការតាមផ្លូវច្បាប់។
លោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោកបានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរស្រុកកោះញែក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក យោធាស្រុក បានចុះប្រតិបត្តិការ ធ្វើការស្រាវជ្រាវ និងពិនិត្យដល់ទីតាំងខាងលើ ពិតជាមានសកម្មភាពនេះ ពិតប្រាកដមែន ដោយមានក្រុមប្រជាពលរដ្ឋ២៣១នាក់ មកបោះជុំរុំ ស្នាក់នៅក្នុងទីតាំងដី របស់ក្រុមហ៊ុន ផេស៊ីហ្វិច ដោយបានកាប់រុករានដីព្រៃនេះ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ទើបសមត្ថកិច្ចដាក់ការសង្ស័យថាឈ្មោះ រ៉ិត វណ្ណី ជាមេខ្លោងតែម្ដង។
លោកបន្ដថា សមត្ថកិច្ចបាននាំខ្លួនលោកស្រី រ៉ិត វណ្ណី មកកាន់ស្នងការខេត្ត នៅថ្ងៃទី១១ ខែកក្កដាកន្លងទៅ ដើម្បីសួរនាំ និងបញ្ជូនទៅកាន់អយ្យការដើម្បីចាត់ការតាមនិតិវីធី។
ក្នុងនោះដែរ លោក ស៊ុម សោភ័ណ្ឌ នាយការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល ប្រាប់នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះថា ជនសង្ស័យត្រូវបានជំនាញបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីហើយ។
បន្ថែមពីនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ថា ក្នុងករណីជនសង្ស័យមិនរាងចាល បន្ទាប់ពីសមត្ថកិច្ច ស្រាវជ្រាវរកឃើញថា មានកំហុសពិតមែន ទុកឲ្យច្បាប់ជាអ្នកកាត់ក្តីចុះ។
លោក បន្ថែមថា ករណីរបស់ឈ្មោះ រ៉ិត វណ្ណី នេះមានមិនតិចជាង៦លើកនោះឡើយ ប្រហែលជាវាសនារបស់គាត់ អាចប្រឈមជាប់ពន្ធនាគា។ សូមបញ្ជាក់ថា ក្នុងការចុះឃាត់ខ្លួនលោកស្រី រ៉ិត វណ្ណី សង្ស័យជាមេខ្លោង កាលពីពេលថ្មីៗនេះ មានអង្កការសង្គមស៊ីវីល និងអ្នកយកព័ត៌មាន ឱ្យបរទេសមួយរូបផងដែរ បានទទួលស្គាល់ថា ទង្វើដែលមានបងប្អូន មករុករានដីព្រៃ នៅទីតាំខាងលើនេះជាទង្វើខុសច្បាប់៕