រាជរដ្ឋាភិបាលចេញអនុក្រឹត្យថ្មី លុបចោលអនុក្រឹត្យចាស់ ដែលហាមពលរដ្ឋរាយមងក្រឡាតូចនៅតំបន់ការពារផ្សោត (Video inside)
27-04-2023 11:45
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មី ដោយសម្រេចលុបចោលអនុក្រឹត្យចាស់ចេញកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលហាមពលរដ្ឋមិនឱ្យរាយមងក្រឡាតូចនៅតំបន់ការពារសត្វផ្សោត ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ក្នុងអនុក្រឹត្យដែលសម្តេចតេជោទើបចុះហត្ថលេខានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានដាក់ឱ្យអនុវត្តឡើងវិញនូវអនុក្រឹត្យដែលចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតតន្លេមេគង្គ។
អនុក្រឹត្យដែលចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ បានចែងថា ប្រជាពលរដ្ឋអាចនេសាទប្រើមងក្រឡាតូចជាង ៤ ស.ម ឬ ៤ផឹង នៅក្នុងតំបន់ការពារនារដូវប្រាំង ដោយមានម្ចាស់នៅឃ្លាំមើល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោបានចេញអនុក្រឹត្យមួយស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។ ក្នុងនោះអនុក្រឹត្យនោះ ហាមមិនឱ្យមានការនេសាទគ្រប់ប្រភេទទាំងនៅក្នុងតំបន់អភិរក្ស និងតំបន់ការពារសត្វផ្សោតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។
ក្រោយអនុក្រឹត្យនោះចេញ មានប្រជាពលរដ្ឋជាអ្នកនេសាទ បានសំណូមពរឱ្យពួកគេបាននេសាទដោយប្រើមងក្រឡាតូច ដើម្បីបានត្រីធ្វើជាអាហារ និងលក់ដូរបានចំណូលខ្លះទ្រទ្រង់ជីវភាព។ យោងទៅតាមសំណូមពររបស់ប្រជានេសាទនៅតាមដងទន្លេនោះហើយ ទើបសម្តេចតេជោ សម្រេចលុបចោលអនុក្រឹត្យថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយត្រឡប់ទៅប្រើអនុក្រឹត្យថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២វិញ ដែលបើកឱ្យពលរដ្ឋរាយមងក្រឡាតូចនៅតំបន់ការពារសត្វផ្សោតនាត្រូវប្រាំង។
ក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីបើកឱ្យរាយមងក្រឡាតូច តែក៏ត្រូវតែអនុវត្តន៍វិធានឱ្យបានតឹងរឹងទប់ស្កាត់ការនេសាទមងក្រឡាធំ និងការនេសាទប្រើឧបករណ៍ឆក់ ដែលគំរាមកំហែងដល់ជីវិតសត្វផ្សោត។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសម្រេចនេះ គឺជាការគិតគូរមួយធានាដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ៕