លោក ឌិត ទីណា ប្រកាសបញ្ជូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន២រូប ក្នុងគណៈកម្មាធិការគណបក្ស ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
27-04-2023 11:32
(ភ្នំពេញ)៖ លោក ឌិត ទីណា ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានសំណេះសំណាល និងប្រកាសបញ្ជូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាចំនួន២រូប ទៅក្នុងគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម។
សមាជិកថ្មី ២រូបនេះ រួមមាន៖
* ទី១៖ លោក ប៉ែន ផល្លីកា ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងគណៈកម្មាធិការសាខាបក្សទី១ នៃគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
* ទី២៖ លោក អ៉ឹម បូរក្ស ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងគណៈកម្មាធិការ សាខាបក្សទី១ នៃគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនោះដែរ លោក ឌិត ទីណា បានលើកឡើងថា មនសិកាជាតិចង់ចូលរួមកសាងប្រទេសជាតិ គឺជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយ ការចាប់ផ្ដើមពីចំណុចនេះទើបយើងរួបរួមគ្នា នៅក្នុងន័យនេះហើយបានជាគណបក្សប្រជាជនកម្ពុជា កើតឡើងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បើទោះបីជាប្រវត្ដិសាស្រ្ដមានការលំបាក ប៉ុន្ដែរហូតមកទល់ពេលនេះ អាទិភាពនៃគណបក្សប្រជាជនកម្ពុជា នៅរក្សាដដែលឥតកែប្រែ នោះគឺការតម្កល់នូវផលប្រយោជន៍ជាតិជាធំ តាមរយៈការបម្រើប្រជាជន និងបន្តកសាងប្រទេសជាតិប្រកដដោយវឌ្ឍនភាព។
លោករដ្ឋមន្ត្រី ឌិត ទីណា ស្នើឲ្យសមាជិកថ្មីទាំង២ ធ្វើការកត់សម្គាល់ ហើយយកនូវជាបទពិសោធបក្ស ដើម្បីយកជាការងារទៅមុខរបស់គណៈកម្មាធិការគណបក្ស ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទរីកចម្រើន ហើយគណៈកម្មាធិការគណបក្សមានគោលនយោបាយមួយ ដើម្បីដឹកនាំក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឲ្យបានជោគជ័យនូវពេលបច្ចុប្បន្ន និងឲ្យវិស័យកសិកម្មប្រកបដោយចីរភាព។
ជាមួយគ្នានេះដែរ លោក អ៉ឹម បូរប្ស បានប្ដេជ្ញាចិត្ដរួមសុខរួមទុក្ខជាមួយគណបក្សប្រជាជនកម្ពុជា ដោយគោរពស្មោះត្រង់ និងប្ដេជ្ញាប្ដូរផ្ដាច់ចំពោះសម្ដេចតេជោ ហ៊ុន សែន និងគាំទ្រ លោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្ដីទៅថ្ងៃអនាគត៕