(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៦ ខែកក្កដា ឆ្នាំ២០១៦។
គណៈប្រតិភូអមដំណើរនាយករដ្ឋមន្រ្តី រួមមានលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ ព្រមទាំងសមាជិក រាជរដ្ឋាភិបាលកម្ពុជា ជាច្រើននាក់ទៀត។
នៅក្នុងកិច្ចប្រជុំខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គរបស់កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើប្រធានបទ «ការតភ្ជាប់ផ្នែកទន់»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស។
ក្រសួងការបរទេស និងសហប្រតិបត្តិការ បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ នឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនរួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគត របស់ ASEM បំរែបំរួលអាកាសធាតុ ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។
កិច្ចប្រជុំខាងលើនេះ ក៏គ្រោងនឹងអនុម័ត លើឯកសារស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើ សេចក្តីប្រកាសអ៊ូឡង់បាទ័រ និងសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ។
ក្រៅពីកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នឹងជួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ឺន ហ្សូអាបេ នាយករដ្ឋមន្រ្តីជប៉ុន និងលោកស្រី ប៉ាក គឿនហេ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េផងដែរ និងអាចជួបប្រាស្រ័យជាមួយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលផ្សេងទៀត។
សម្តេចេតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា កិច្ចប្រជុំអាស៊ីអឺរ៉ុបនេះ រៀបចំឡើងជាទៀងទាត់២ឆ្នាំម្តង ដែលជាការជួបជុំគ្នារវាងប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសចំនួន៥១ និងអង្គការ២ គឺលេខាធិការដ្ឋានអាស៊ាន និងស្នងការអឺរ៉ុប។ កម្ពុជាបានចូលជាសមាជិកព្រមពេលគ្នាជាមួយ ឡាវ និងមីយ៉ាន់ម៉ា និងប្រទេស៤ផ្សេងទៀតមកពីអឺរ៉ុប ក្នុងឆ្នាំ២០០៤ នៅហាណូយប្រទេសវៀតណាម នាសម័យប្រជុំលើកទី៥៕