(ភ្នំពេញ)៖ មនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងភរិយានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងឆ្លៀតចូលសួរសុខទុក្ខភរិយា និងលេងផ្ទះរបស់លោក ស៊ិន ស៊ីសាមុត ស្ទើររាល់ពេលចុះទៅកាន់ខេត្តស្ទឹងត្រែង។
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសធ្វើដំណើរទៅរង់ចាំទទួលព្រះអគ្គីជ័យកីឡាត្រឡប់មកប្រទេសកម្ពុជាវិញ នៅខេត្តស្ទឹងត្រែង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឆ្លៀតឱកាសអញ្ជើញចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងនាំគណៈប្រតិភូ ទៅទស្សនកិច្ចផ្ទះចាស់ដែលលោកតា ស៊ីន ស៊ីសាមុត ធ្លាប់បានរស់នៅ និងដើមមៀនដែលលោកតាបានដាំមានអាយុជិត១០០ឆ្នាំ។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាននាំយកថវិកា និងភេសជ្ជៈ មួយចំនួនជូនដល់លោកយាយផងដែរ។
សូមរម្លឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាពេលដែលលោកជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា លោកបានដឹកនាំរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ "ពេលវេលាដែលត្រូវតបស្នង”វិភាគទានចំពោះអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត និងបានរៃអង្គាសថវិកាដើម្បីជួយដល់ក្រុមគ្រួសារលោកយាយ។ ថវិកាដែលទទួលបានពីសប្បុរសជននេះបានជួយលើកស្ទួយកម្រិត ជីវភាពលោកយាយ និងក្រុមគ្រួសារបានមួយកម្រិតផងដែរ។
ការគិតគូរ និងយកចិត្តទុកដាក់របស់លោកទេសរដ្ឋមន្ត្រី នាំឱ្យមានការចង់ដឹងថា តើលោកទេសរដ្ឋមន្ត្រី ធ្លាប់មានទំនាក់ទំនងពិសេសណាមួយជាមួយលោកតា ស៊ិន ស៊ីសាមុត កាលនៅមានជីវិត ឬជាមួយក្រុមគ្រួសារឬយ៉ាងណា?
លោកទេសរដ្ឋមន្ត្រី បានប្រាប់ Fresh News ថា លោកគ្មានទំនាក់ទំនងពិសេសណាមួយនោះឡើយ។ អ្វីដែលលោកធ្វើនេះ គឺជាការគោរពអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មានទឹកដមសំនៀងដ៏ពិរោះ ហើយជាចម្រៀងដែលលោកទេសរដ្ឋមន្ត្រី តែងចូលចិត្តស្តាប់មិនចេះជិនណាយតាំងពីដើម ដល់ពេលបច្ចុប្បន្ន។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា អ្វីដែលលោកបានធ្វើចំពោះភរិយា និងក្រុមគ្រួសារ លោក ស៊ិន ស៊ីសាមុត គឺជាទឹកចិត្តនៃការគោរព និងដឹងគុណលោក ស៊ិន ស៊ីសាមុត បានបង្កើត និងបន្សល់បទចម្រៀងដ៏ពិរោះសម្រាប់បំពេអារម្មណ៍ពលរដ្ឋខ្មែរ ក៏ដូចជារូបលោក៕